សន្តិសុខជាតិអ៊ីរ៉ង់ ត្រូវបានចងភ្ជាប់ទៅនឹងការរក្សាការរៀបចំរបស់អ៊ីរ៉ង់ នៅក្នុងច្រកសមុទ្រហ័រមូស
តេអេរ៉ង់៖ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានឲ្យដឹងថា សន្តិសុខជាតិរបស់ប្រទេសនេះត្រូវបានចងភ្ជាប់ទៅនឹងការរក្សា «ការរៀបចំរបស់អ៊ីរ៉ង់» នៅក្នុងការគ្រប់គ្រងច្រកសមុទ្រហ័រមូស ដោយសង្កត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់ នឹងមិនអនុញ្ញាតឱ្យសត្រូវដាក់អ្វីលើឆន្ទៈរបស់ខ្លួននោះឡើយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Qalibaf ដែលជាប្រធានក្រុមចរចារបស់អ៊ីរ៉ង់ផងដែរ បានឲ្យដឹងថា សហរដ្ឋអាមេរិកស្វែងរកការវាយប្រហារទៅលើអ៊ីរ៉ង់ នៅពេលណាដែលអាចធ្វើទៅបាន ដើម្បីជំរុញផលប្រយោជន៍ផ្ទាល់ខ្លួន ដោយសង្កត់ធ្ងន់ថា អ៊ីរ៉ង់ គួរតែទទួលយកវិធីសាស្រ្តរបស់ខ្លួនក្នុងអំឡុងពេលសង្គ្រាម ឬការចរចាដោយផ្អែកលើផលប្រយោជន៍ជាតិ និងសន្តិសុខ ភាពប្រាកដនិយម និងយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួន។
លោកបានកត់សម្គាល់ថា អ៊ីរ៉ង់មិនស្វាគមន៍សង្គ្រាមទេ «ប៉ុន្តែយើងតែងតែត្រូវតែត្រៀមខ្លួន សម្រាប់សមរភូមិ» ដើម្បីការពារសន្តិសុខ និងផលប្រយោជន៍ជាតិ។ លោក Qalibaf បានបន្ថែមថា ការទូត និងការចរចាគួរតែត្រូវបានបន្តស្របគ្នា ដើម្បីធានាផលប្រយោជន៍ជាតិ។
ថ្លែងទៅកាន់អនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខាថ្មីៗនេះជាមួយសហរដ្ឋអាមេរិក ដែលបានគ្រោងទុករយៈពេលចរចារយៈពេល ៦០ ថ្ងៃសម្រាប់កិច្ចព្រមព្រៀងចុងក្រោយ ប្រធានសភារូបនេះបានលើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នានេះមានន័យលុះត្រាតែបទប្បញ្ញត្តិរបស់វាត្រូវបានគោរព និងអនុវត្ត។ បើមិនដូច្នោះទេ ប្រសិនបើអ៊ីរ៉ង់ មិនត្រូវបានគេសន្មត់ថា ទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងនេះទេ វាមិនឃើញមានហេតុផលណាមួយដើ ម្បីបន្តប្តេជ្ញាចិត្ត ចំពោះវានោះទេ។
គួរបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខានៅថ្ងៃទី ១៨ ខែមិថុនា និងមានគោលបំណងបញ្ចប់សង្គ្រាមនៅក្នុងតំបន់នៅគ្រប់វិស័យ រួមទាំងប្រទេសលីបង់ ឥឡូវនេះកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ខណៈដែលការប៉ះទង្គិចគ្នារវាងកងកម្លាំងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានផ្ទុះឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ៕
ប្រែសម្រួល ឈូក បូរ៉ា









