អ៊ីរ៉ង់ព្រមានថា ច្រកសមុទ្រ Hormuz គឺជា «ខ្សែបន្ទាត់ក្រហម និងគំរាមវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅទូទាំងតំបន់ឈូងសមុទ្រពែក្ស
បរទេស៖ អ៊ីរ៉ង់បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ច្រកសមុទ្រ Hormuz គឺជា «ខ្សែបន្ទាត់ក្រហម» ដែលមិនអាចរំលោភបំពានបានឡើយ ដោយបានព្រមានថា ប្រសិនបើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើតាមការគំរាមកំហែង ក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់ នោះអ៊ីរ៉ង់នឹងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅទូទាំងតំបន់ ឈូងសមុទ្រពែក្ស។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ថា សហរដ្ឋអាមេរិកបានបើកការវាយប្រហារជាលើកទីប្រាំកាលពីយប់ថ្ងៃពុធ និងបានដាក់ការបិទផ្លូវទឹកឡើងវិញលើកំពង់ផែរបស់អ៊ីរ៉ង់ ដែលវ៉ាស៊ីនតោននិយាយថា មានគោលបំណងបើកច្រកសមុទ្រ Hormuz ឡើងវិញ បន្ទាប់ពីត្រូវបានបិទដោយអីរ៉ង់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្រោយពេលដែលបទឈប់បាញ់ដ៏ផុយស្រួយមួយបានដួលរលំ។
បន្ទាប់ពីការវាយប្រហារលើកដំបូងកាលពីយប់ថ្ងៃពុធ អ្នកចរចាកំពូលរបស់ទីក្រុងតេហេរ៉ង់ លោក Mohammad Baqer Qalibaf បានចេញសេចក្តីថ្លែងការណ៍មួយថា៖ «យើងកំពុងស្ថិតក្នុងសង្គ្រាមដ៏សំខាន់ និងជាអត្ថិភាពមួយជាមួយអាមេរិក»។
អ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ លោកឧត្តមសេនីយ៍ទោ Mohammad Akraminia បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ច្រកសមុទ្រ Hormuz ដែលធ្លាប់ដឹកជញ្ជូនប្រហែលមួយភាគប្រាំនៃប្រេង និងឧស្ម័នសកលលោកមុនពេលមានសង្គ្រាម គឺជា «ខ្សែបន្ទាត់ក្រហម» សម្រាប់អ៊ីរ៉ង់ ដែលខ្លួននៅតែរក្សាការគ្រប់គ្រងយ៉ាងរឹងមាំ។
លោក Akraminia បាននិយាយថា៖ «ពួកអាមេរិកគិតថា តាមរយៈការវាយប្រហារលើមូលដ្ឋានមួយចំនួនរបស់យើងនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេស ពួកគេអាចគ្រប់គ្រងច្រកសមុទ្រយុទ្ធសាស្ត្រនេះបាន ប៉ុន្តែ «ទោះជាយ៉ាងណាក៏ដោយ សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់មានសមត្ថភាពគ្រប់គ្រងលើច្រកសមុទ្រ ហ័រមូស ពីគ្រប់ចំណុចនៃទឹកដីរបស់ខ្លួន ហើយបញ្ហានេះមិនដែលពឹងផ្អែកលើឆ្នេរសមុទ្រ និងកោះនានាឡើយ»៕
ប្រែសម្រួលៈ ណៃ តុលា









