ព័ត៌មានអន្តរជាតិ

មានកប៉ាល់តិចតួច ដែលបានឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងពេលដែលអាមេរិក និងអ៊ីរ៉ង់ បន្តបាញ់ផ្លោងដាក់គ្នា

បរទេស៖ ទិន្នន័យដឹកជញ្ជូនបានបង្ហាញថា កប៉ាល់ចំនួនតិចជាងមុន បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz កាលពីថ្ងៃពុធ ដែលជាថ្ងៃដំបូង បន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់ការបិទផ្លូវទឹកឡើងវិញលើកំពង់ផែអ៊ីរ៉ង់ ខណៈដែលប្រទេសទាំងពីរ បានបង្កើន ការវាយប្រហារដាក់គ្នា កាត់ឈូងសមុទ្រ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ថា ទិន្នន័យពីក្រុមហ៊ុន Kpler បានបង្ហាញថា នាវាចំនួន ៧ គ្រឿងបានឆ្លងកាត់ច្រកសមុទ្រ កាលពីថ្ងៃពុធ ដែលភាគច្រើនធ្វើដំណើរតាមផ្លូវទឹករបស់អ៊ីរ៉ង់ ពោលគឺធ្លាក់ចុះពីចំនួន ១៣ គ្រឿងកាលពីថ្ងៃមុន។

អរិភាពបានកើនឡើងកាន់តែខ្លាំងចាប់តាំងពីអ៊ីរ៉ង់បាននិយាយកាលពីចុងថ្ងៃសៅរ៍ថា ខ្លួនបានបិទច្រកសមុទ្រ Hormuz។ ប្រតិបត្តិការយោធាកំពុងរារាំងមិនឱ្យនាវាធ្វើដំណើរឆ្លងកាត់ផ្លូវទឹកមួយនេះ ដែលធ្លាប់ផ្ទុកការដឹកជញ្ជូនប្រេង និងឧស្ម័នប្រហែលមួយភាគប្រាំនៃពិភពលោក មុនពេលមានសង្គ្រាមកើតឡើង។

ទិន្នន័យដដែលបានបង្ហាញថា កាលពីថ្ងៃពុធ មាននាវាទទេចំនួន ៤ គ្រឿងបានចូលទៅក្នុងឈូងសមុទ្រ រួមមាននាវាដឹកប្រេងខ្នាតតូចចំនួន ៣ គ្រឿង និងនាវាដឹកទំនិញស្ងួតសម្រាប់ធញ្ញជាតិ (dry bulk carrier) ចំនួន ១ គ្រឿង។ ចំណែកឯនាវា ៣ គ្រឿងដែលបានចាកចេញពីច្រកសមុទ្រ កាលពីថ្ងៃពុធ បានដឹកជញ្ជូនឧស្ម័នប្រេងរាវ (LPG) ធ្យូងថ្ម និងប្រេងឥន្ធនៈ។

ទិន្នន័យពី Kpler បានបង្ហាញទៀតថា កាលពីថ្ងៃអង្គារ នាវាដឹកប្រេង Suezmax មួយគ្រឿង ដែលផ្ទុកប្រេងឆៅ របស់អារ៉ាប៊ីសាអូឌីតចំនួន ១ លានបារ៉ែល បានចាកចេញពីច្រកសមុទ្រ ដោយបានបិទឧបករណ៍បញ្ជូនសញ្ញា (transponder) របស់វា។

មិនមាននាវាដឹកប្រេងខ្នាតធំខ្លាំង (Very Large Crude Carrier – VLCC) ឬនាវាដឹកឧស្ម័នធម្មជាតិរាវ (LNG) ណាមួយ ឆ្លងកាត់ច្រកសមុទ្រនេះទេកាលពីថ្ងៃពុធ។
ប្រែសម្រួលៈ ណៃ តុលា

To Top