ម៉ាឡេស៊ី នឹងបណ្តេញចេញជាបន្ទាន់ គ្រប់ពលរដ្ឋអ៊ីស្រាអែល ដែលមានវត្តមាន នៅក្នុងប្រទេសម៉ាឡេស៊ី ហើយថា ម៉ាឡេស៊ី មិនទទួលស្គាល់ប្រទេស អ៊ីស្រាអែលឡើយ
បេទេស៖ នាយករដ្ឋមន្ត្រី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានថ្លែងកាលពីថ្ងៃពុធថា ប្រទេសម៉ាឡេស៊ី នឹងបណ្តេញចេញជាបន្ទាន់ នូវរាល់ពលរដ្ឋអ៊ីស្រាអែលទាំងឡាយណា ដែលរកឃើញថា មានវត្តមាននៅក្នុងប្រទេស ម៉ាឡេស៊ី ខណៈដែលអាជ្ញាធរ សហព័ន្ធកំពុងស៊ើបអង្កេត លើការចោទប្រកាន់ថា មានជនជាតិអ៊ីស្រាអែល ដែលប្រើប្រាស់សញ្ជាតិ២ បានចូលរួមក្នុងសហគមន៍បច្ចេកវិទ្យាមួយនៅក្នុងគម្រោង Forest City នៃរដ្ឋ Johor ។
យោងតាមសារព័ត៌មាន The Jerusalem Post ចេញផ្សាយកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ថា លោក អាន់វ៉ា បានប្រាប់អ្នកយកព័ត៌មានថា៖ «យើងមិនអនុញ្ញាតឱ្យមានរឿងនេះកើតឡើងឡើយ។ ប្រសិនបើមានជនជាតិអ៊ីស្រាអែល ដោយសារតែយើងមិនទទួលស្គាល់ប្រទេសអ៊ីស្រាអែល ពួកគេនឹងត្រូវបណ្តេញចេញជាបន្ទាន់»។
ការស៊ើបអង្កេតនេះផ្តោតសំខាន់លើ “Network School” ដែលជាសហគមន៍រស់នៅរួមគ្នាសម្រាប់ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាថ្មីៗ និងអ្នកធ្វើការតាមប្រព័ន្ធឌីជីថលពីចម្ងាយ ដែលត្រូវបានបង្កើតឡើងដោយអតីតនាយកប្រតិបត្តិក្រុមហ៊ុន Coinbase គឺលោក Balaji Srinivasan។ គម្រោងនេះមានទីតាំងស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ Forest City ដែលគាំទ្រដោយប្រទេសចិន ស្ថិតនៅទល់មុខច្រកសមុទ្រ Johor ពីប្រទេសសិង្ហបុរី ហើយវាបានស្ថិតក្រោមការពិនិត្យយ៉ាងដិតដល់ បន្ទាប់ពីវីដេអូផ្សព្វផ្សាយតាមអនឡាញមួយ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។
នៅក្នុងវីដេអូនោះ អ្នកស្នាក់នៅទីនោះបានរៀបរាប់ពីការរស់នៅលើ «កោះសិប្បនិម្មិតមួយនៅជិតប្រទេសសិង្ហបុរី» ខណៈដែលលោក Srinivasan បាននិយាយថា៖ «យើងកំពុងកសាងតំបន់ Silicon Valley នៅខាងក្រៅតំបន់ Silicon Valley»។
នាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី ក្រោយមកបានប្រកាសថា ខ្លួនបានត្រួតពិនិត្យជនបរទេសចំនួន ២៦៦ នាក់ មកពី ៤០ ប្រទេស នៅទីតាំងនោះ ហើយបានរកឃើញថា ពួកគេទាំងអស់សុទ្ធតែមានឯកសារធ្វើដំណើរស្របច្បាប់ ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីនានាបានថ្លែងថា ការស៊ើបអង្កេតក្នុងកម្រិតទូលំទូលាយជាងនេះ ទៅលើអត្តសញ្ញាណ និងសកម្មភាពរបស់អ្នកដែលពាក់ព័ន្ធ គឺនៅតែបន្តធ្វើឡើងនៅឡើយ។
លោក អាន់វ៉ា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក៏បានណែនាំដល់អាជ្ញាធរឱ្យពិនិត្យមើលលើប្រតិបត្តិការអាជីវកម្មរបស់គម្រោងនេះផងដែរ រួមទាំងអាជ្ញាបណ្ណទីតាំង ការរៀបចំកន្លែងស្នាក់នៅ និងការប្រើប្រាស់ដីធ្លី ។ លោកបានមានប្រសាសន៍ថា រាល់ការបំពានណាមួយត្រូវតែប្រឈមមុខនឹង «វិធានការម៉ឺងម៉ាត់ ដោយគ្មានការយោគយល់ឡើយ» ។









