សហរដ្ឋអាមេរិក ចេញសេចក្តីជូនដំណឹងសន្តិសុខ ដល់ពលរដ្ឋរបស់ខ្លួន ចំពេលមានជម្លោះ នៅមជ្ឈិមបូព៌ា ដែលកំពុងបន្ត
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្តីជូនដំណឹងសន្តិសុខលើកទីពីរ ក្នុងរយៈពេលបីថ្ងៃ ចំពេលមានភាពតានតឹងនៅមជ្ឈិមបូព៌ាកើនឡើង ដោយណែនាំពលរដ្ឋអាមេរិកឱ្យប្រុងប្រយ័ត្នកាន់តែខ្លាំង។
សេចក្តីជូនដំណឹងមួយដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងការបរទេសបានឧ្យដឹងថា “ដោយសារតែភាពតានតឹងកើនឡើង នៅមជ្ឈិមបូព៌ា បរិយាកាសសន្តិសុខនៅតែស្មុគស្មាញ ជាមួយនឹងសក្តានុពល នៃការកើនឡើង ដែលមិនអាចមើលឃើញទុកជាមុន។
ជនជាតិអាមេរិក ដែលកំពុងស្ថិត នៅមជ្ឈិមបូព៌ា គួរតែប្រុងប្រយ័ត្ន និងប្រុងប្រយ័ត្នកាន់តែខ្លាំង ហើយគួរតែត្រៀមខ្លួនសម្រាប់ការ លុបចោលជើងហោះហើរដែលអាចកើតមាន ការបិទដែនអាកាសជាប្រចាំ និងការរំខានដល់ការធ្វើដំណើរដែលអាចកើតមាន”។
ប្រភពបានបន្ថែមថា “កន្លែងការទូតរបស់សហរដ្ឋអាមេរិក រួមទាំងនៅខាងក្រៅមជ្ឈិមបូព៌ា ត្រូវបានគេកំណត់គោលដៅ។ អ៊ីរ៉ង់ និងក្រុមដែលគាំទ្រអ៊ីរ៉ង់ អាចកំណត់គោលដៅផលប្រយោជន៍របស់សហរដ្ឋអាមេរិកផ្សេងទៀតនៅក្រៅប្រទេស ឬនៅទីតាំងដែលទាក់ទងនឹងសហរដ្ឋអាមេរិក និងជនជាតិអាមេរិកនៅទូទាំងពិភពលោក”។
សេចក្តីជូនដំណឹងនេះបានកើតឡើងបន្ទាប់ពីមានការស្លាប់ និងរបួសយោធាអាមេរិកជាបន្តបន្ទាប់នៅក្នុងតំបន់ថ្មីៗនេះ។ សមាជិកយោធាអាមេរិកពីរនាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតនៅបាត់ខ្លួន បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ដែលកំណត់គោលដៅមូលដ្ឋានទ័ពអាកាសមួយនៅក្នុងប្រទេសហ្ស៊កដានីកាលពីថ្ងៃសុក្រ។
ទាហានអាមេរិកម្នាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតរងរបួសនៅថ្ងៃបន្ទាប់ក្នុងប្រតិបត្តិការមួយនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ដែលពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកមិនទាន់ផ្ទុះពីយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ នេះបើតាមទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា









