កសិករឥណ្ឌារាប់ពាន់នាក់ ហែក្បួនតវ៉ាប្រឆាំង នឹងកិច្ចព្រមព្រៀង ពាណិជ្ជកម្មជាមួយអាមេរិក
បរទេស៖ កសិកររាប់ពាន់នាក់ ដែលប្រឆាំងនឹងគម្រោងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បាននាំគ្នាហែក្បួនឆ្ពោះទៅកាន់ទីក្រុងដេលី (Delhi) កាលពីថ្ងៃអង្គារ ដែលនេះ បានបង្កើតជាបញ្ហាប្រឈមថ្មីមួយទៀតសម្រាប់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ដែលកំពុងតែប្រឈមមុខនឹងការតវ៉ារបស់និស្សិតនៅក្នុងរដ្ឋធានីស្រាប់ទៅហើយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ថា សហជីពកសិករបានលើកឡើងថា គម្រោងកិច្ចព្រមព្រៀងពាណិជ្ជកម្ម របស់ទីក្រុងញូវដេលី អាចនឹងធ្វើឱ្យប៉ះពាល់ដល់វិស័យកសិកម្មរបស់ប្រទេសឥណ្ឌា តាមរយៈការបើកផ្លូវឱ្យមានការនាំចូលអាហារតម្លៃថោកជាងពីអាមេរិក ហើយវានឹងធ្វើឱ្យខូចខាតដល់ផលប្រយោជន៍របស់កសិករក្នុងស្រុក អ្នកចិញ្ចឹមសត្វ និងអ្នកផលិតផលិតផលទឹកដោះគោ ក៏ដូចជាអាជីវករខ្នាតតូចផងដែរ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះនៅមិនទាន់ឈានដល់ការសម្រេចជាស្ថាពរនៅឡើយទេ ទោះបីជាមានការចរចាអស់រយៈពេលជាច្រើនខែកន្លងមកក៏ដោយ។ រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌា លោក ភីយូស ហ្គូយ៉ាល់ (Piyush Goyal) បានថ្លែងកាលពីខែមុនថា ទីក្រុងញូវដេលី «មិនអាចដាក់ឱ្យអនុវត្ត កិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិកបានឡើយ» រហូតទាល់តែ «ក្របខ័ណ្ឌសម្រាប់ការទទួល បានផលប្រយោជន៍ប្រកួតប្រជែងត្រូវបានសម្រេចជាស្ថាពរ»។
អង្គការកសិកម្មមកពីរដ្ឋនានានៅភាគខាងជើង រួមមានរដ្ឋ ពុនចាប (Punjab), ហារីយ៉ាណា (Haryana), រ៉ាជាស្ថាន (Rajasthan), ហ៊ីម៉ាឆាល់ ប្រាដេស (Himachal Pradesh) និងរដ្ឋ អ៊ុយតារ ប្រាដេស (Uttar Pradesh) កំពុងតែដឹកនាំការតវ៉ានេះ។ ក្រុមកសិករមកពីរដ្ឋពុនចាប ត្រូវបានប៉ូលិសរារាំង នៅតំបន់ សាំប៊ូ (Shambhu) ដែលស្ថិតនៅលើព្រំប្រទល់រវាងរដ្ឋនោះនិងរដ្ឋហារីយ៉ាណា។ ទោះជាយ៉ាងណាក៏ដោយ ក្រុមកសិករដទៃទៀត បានបន្តដំណើរឆ្ពោះទៅកាន់ទីក្រុងដេលី។









