ក្រសួងការបរទេសចិន ឆ្លើយតបម្តងទៀត ចំពោះករណីបង្ករឿង ដោយចេតនា របស់ហ្វីលីពីន ៖ ដាស់តឿនប្រទេស ពាក់ព័ន្ធបញ្ឈប់ការញុះញង់ ឱ្យមានការប្រឈមមុខដាក់គ្នា
ថ្ងៃទី២២ ខែកក្កដា លោកLin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទ សារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានបានលើកសំណួរ ស្តីពីករណីដែលហ្វីលីពីន បានបង្ករឿងដោយចេនានៅថ្មប៉ប្រះទឹកRen’ai និងធ្វើការវាយប្រហារចំពោះបុគ្គលិកអនុវត្តច្បាប់ របស់ឆ្មាំសមុទ្រចិន។
ទាក់ទិននឹងករណីនេះ លោកLin Jianបានលើកឡើងថា ភាគីចិនបានអធិប្បាយរួចហើយពីគោលជំហរយ៉ាងម៉ឺងម៉ាត់ របស់ខ្លួនពាក់ព័ន្ធនឹងករណីដែលបុគ្គលិកហ្វីលីពីន បានធ្វើការវាយប្រហារដោយចេតនា ចំពោះបុគ្គលិកអនុវត្តច្បាប់របស់ចិន ។ ប៉ុន្តែប្រទេសមួយចំនួន មិនអើពើពីការពិតដែលហ្វីលីពីនបានបង្ករឿងនិងរំលោភអធិបតិយ្យភាពចិនហើយមកចោទប្រកាន់ប្រទេសចិនដោយគ្មានមូលហេតុ ព្រមទាំងឃោសនាបំប៉ោងម្តងហើយម្តងទៀត នូវអ្វីគ្មានប្រសិទ្ធភាពដែលហៅថា “ការកាត់ក្តីនៃសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង”ដែលគ្មានប្រសិទ្ធភាពនិងខុសច្បាប់។ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះករណីនេះ ។ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន និងប្រទេសអាស៊ាន ស្ថានការណ៍សមុទ្រចិនខាងត្បូងនាពេលបច្ចុប្បន្នមានស្ថិរភាពជាទូទៅ ការដែលហ្វីលីពីន បង្ករឿងដោយចេតនាជាដើមហេតុ ដែលបណ្តាលកើតមានភាពតានតឹងលើសមុទ្រ ។
ភាគីចិនដាស់តឿនប្រទេសពាក់ព័ន្ធឱ្យបញ្ឈប់ការបង្កភាពតានតឹងនិងញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នា គោរពយ៉ាងប្រាកដប្រជានូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងតំបន់ក្នុងការគាំពារសន្តិភាពនិងស្ថិរភាពសមុទ្រចិនខាងត្បូង៕









