ចិន ជំរុញអោយសហរដ្ឋអាមេរិក ដោះស្រាយភាពខុសគ្នា និងកង្វល់ស្របច្បាប់របស់ចិន
ប៉េកាំង៖ ដោយប្រឆាំងនឹងការកត់សម្គាល់ និងសកម្មភាពអវិជ្ជមាន ជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជំរុញឱ្យភាគីសហរដ្ឋអាមេរិក គោរពផលប្រយោជន៍ស្នូលរបស់ប្រទេសចិន គាំទ្រគោលការណ៍ចិនតែមួយ គ្រប់គ្រងភាពខុសគ្នាឱ្យបានត្រឹមត្រូវ និងដោះស្រាយកង្វល់ស្របច្បាប់របស់ប្រទេសចិន។
លោក វ៉ាង យី ដែលក៏ជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរ បានធ្វើការកត់សម្គាល់នេះ នៅពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
លោក វ៉ាង យី បានលេីកឡេីងថា ឆ្នាំនេះគឺជាពេលវេលាដ៏សំខាន់សម្រាប់ទំនាក់ទំនងចិន-សហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចប្រជុំកំពូលប្រវត្តិសាស្ត្រមួយ នៅទីក្រុងប៉េកាំង ជាកន្លែងដែលប្រមុខរដ្ឋទាំងពីរបានកំណត់ ផ្លូវសម្រាប់ទំនាក់ទំនងចិន-សហរដ្ឋអាមេរិកដែលមានស្ថិរភាពជាយុទ្ធសាស្ត្រ។
លោកបានបន្ដថា នេះតំណាងឱ្យវឌ្ឍនភាពដ៏សំខាន់ក្នុងការរុករកការរួមរស់ដោយសន្តិភាពរបស់មហាអំណាចទាំងពីរ ដោយបម្រើផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនទាំងពីរ និងបំពេញតាមការរំពឹងទុករួមគ្នារបស់សហគមន៍អន្តរជាតិ។
ភារកិច្ចរបស់ភាគីទាំងពីរឥឡូវនេះ គឺត្រូវបន្តដើរលើផ្លូវដែលប្រមុខរដ្ឋទាំងពីរបានដាក់ចេញ ដោយយកឈ្នះលើការរំខាន និងឧបសគ្គ ដើម្បីប្រែក្លាយការឯកភាពគ្នារបស់ពួកគេទៅជាការយល់ដឹង និងសកម្មភាពជាក់ស្តែងនៅទូទាំងរដ្ឋាភិបាល៕
ប្រែសម្រួល ឈូក បូរ៉ា









