ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់វាយប្រហារលើទីតាំងនានារបស់ CIA បានជំរុញឱ្យមានការចោទសួរ​ អំពីការសង្ស័យពីការ ជាប់ពាក់ព័ន្ធរបស់រុស្ស៊ី

បរទេស៖ ប្រភពបួនរូបដែលដឹងពីកិច្ចការ (ចារកម្ម) របស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ការវាយប្រហារដោយដ្រូន របស់អ៊ីរ៉ង់លើទីតាំងនានារបស់ទីភ្នាក់ងារ CIA នៅតំបន់ឈូងសមុទ្រពែក្ស បានជំរុញឱ្យក្រុមអ្នកវិភាគចារកម្មអាមេរិក ធ្វើការស៊ើបអង្កេតថាតើរុស្ស៊ីបានជួយផ្តល់ព័ត៌មានពីគោលដៅវាយប្រហារ ឬបច្ចេកវិទ្យាដ្រូនកម្រិតខ្ពស់ដែរឬយ៉ាងណា។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ថា ប្រភពទាំងនេះ ដែលបាននិយាយក្នុង លក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខជាតិ បានលើកឡើងថា មន្ត្រីចារកម្មអាមេរិកមិនទាន់ឈាន ដល់ការសន្និដ្ឋានច្បាស់លាស់ណាមួយជុំវិញ ការសង្ស័យថាមានការបាក់ពាក់ព័ន្ធរបស់រុស្ស៊ី នៅក្នុងការវាយប្រហារលើទីតាំងនានារបស់ CIA នៅឡើយទេ។ ប៉ុន្តែ ពួកគេបានលើកឡើងពីប្រសិទ្ធភាព និងភាពជាក់លាក់ខ្ពស់នៃការវាយប្រហារទាំងនោះ ព្រមទាំងការគាំទ្រផ្នែកបច្ចេកទេសដ៏ទូលំទូលាយរបស់រុស្ស៊ីចំពោះអ៊ីរ៉ង់ ថាជាភស្តុតាងដែលអាចទៅរួច។

ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ និង ប្រព័ន្ធផ្សព្វផ្សាយដទៃទៀតបានរាយការណ៍ ហើយមន្ត្រីអាមេរិកក៏បានទទួល ស្គាល់ផងដែរថា រុស្ស៊ីបានផ្តល់ព័ត៌មានពីគោលដៅ និងការគាំទ្រផ្សេងៗទៀតដល់អ៊ីរ៉ង់ ក្នុងការវាយប្រហាររបស់ខ្លួនលើគោលដៅនានារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រជាទូទៅ ប៉ុន្តែការស៊ើបអង្កេតរបស់សហគមន៍ចារកម្មអំពីការសង្ស័យថាមានការជាប់ពាក់ព័ន្ធរបស់រុស្ស៊ី ក្នុងការគាំទ្រដល់ការវាយប្រហារលើទីតាំង CIA នេះ មិនធ្លាប់ត្រូវបានទម្លាយឱ្យដឹងពីមុនមកនោះទេ។

សារព័ត៌មាន រ៉យទ័រ និងសារព័ត៌មានដទៃទៀតបានរាយការណ៍ថា ទីតាំងរបស់ CIA យ៉ាងហោចណាស់ពីរ កន្លែងត្រូវបានវាយប្រហារកាលពីខែមីនា។ ទីតាំងមួយក្នុងចំណោមនោះ គឺស្ថានីយរបស់ CIA ប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត ដែលស្ថិតនៅក្នុងស្ថានទូតអាមេរិកប្រចាំទីក្រុងរីយ៉ាដ (Riyadh) ហើយទីតាំងដាច់ដោយឡែកមួយទៀត គឺស្ថិតនៅភាគខាងកើតប្រទេសអ៊ីរ៉ាក់។ ប្រភពមួយចំនួនបាននិយាយថា មានទីតាំង CIA បន្ថែមទៀតត្រូវបានវាយប្រហារ ប៉ុន្តែពួកគេមិនបានទម្លាយព័ត៌មានលម្អិតនោះទេ។
ប្រែសម្រួលៈ ណៃ តុលា

To Top