រុស្សីប្រកាសសញ្ញាគ្រោះថ្នាក់ អំពីបញ្ហាជម្លោះនៅមជ្ឈឹមបូព៍ា ដែលកាន់តែរីករាលដាលធំឡើង
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ជម្លោះកាន់តែតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ កំពុងបង្កើនហានិភ័យ នៃសង្គ្រាមក្នុងតំបន់កាន់តែទូលំទូលាយ
ដោយរដ្ឋាភិបាលរុស្ស៊ី បានព្រមានដោយជំរុញឱ្យភាគីទាំងអស់ អនុវត្តការអត់ធ្មត់ និងវិលត្រឡប់ទៅរកការទូតវិញ។
ការផ្ទុះឡើងចុងក្រោយ នៃអរិភាពបានចាប់ផ្តើមនៅថ្ងៃទី៧ខែកក្កដា នៅពេលដែលសហរដ្ឋអាមេរិកបានប្រកាសរលកថ្មីនៃ ការវាយប្រហារដ៏ខ្លាំងក្លា បន្ទាប់ពីបានចោទប្រកាន់អ៊ីរ៉ង់ថា បានវាយប្រហារនាវាដឹកប្រេងចំនួន៣នៅច្រកសមុទ្រ Hormuz ។ យុទ្ធនាការនេះបានកំណត់គោលដៅយោធា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ីរ៉ង់ រួមទាំងស្ពាន កន្លែងថាមពល និងបណ្តាញដឹកជញ្ជូន ដែលជំរុញឱ្យទីក្រុងតេហរ៉ង់ សងសឹកជាមួយនឹងការវាយប្រហារ លើមូលដ្ឋានយោធាអាមេរិក នៅទូទាំងមជ្ឈឹមបូព៌ា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានជំរុញឱ្យ ភាគីទាំងអស់នៅក្នុងជម្លោះ បង្ហាញវិធីសាស្រ្តប្រកបដោយការ ទទួលខុសត្រូវ និងការអត់ធ្មត់ និងជៀសវាងសកម្មភាពណាមួយ ដែលអាចពង្រីកភូមិសាស្ត្រនៃការប្រឈមមុខដាក់គ្នាខាងយោធា និងនាំទៅរកភាពយ៉ាប់យ៉ឺនបន្ថែមទៀតនៃស្ថានភាពយោធា-នយោបាយនៅមជ្ឈិមបូព៌ា។
លោកស្រី Zakharova បាននិយាយថា ការកើនឡើងនេះកំពុង ទទួលបានសន្ទុះ ខណៈដែលភាគីប្រឆាំងបន្តផ្លាស់ប្តូរការវាយប្រហារ ដែលបណ្តាលឱ្យខូចខាតទ្រង់ទ្រាយធំ ដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងប្រទេសអ៊ីរ៉ង់ និងរដ្ឋអារ៉ាប់មួយចំនួន។
លោកស្រីបានព្រមានថាជម្លោះនេះ បានបង្កើនហានិភ័យនៃការរំខានដល់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ជាមួយនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរ សម្រាប់ថាមពល និងសន្តិសុខស្បៀងអាហារអន្តរជាតិ៕
ប្រែសម្រួល៖ស៊ុនលី









