ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់បញ្ជូនក្រុមមេបញ្ជាការ នៃកងឆ្មាំបដិវត្តន៍ឥស្លាម ទីប្រឹក្សាយោធា កាំជ្រួចមីស៊ីល និងដ្រូន ចូលទៅក្នុងប្រទេសយេម៉ែន ក្នុងការគំរាមកំហែង ដល់ការដឹកជញ្ជូន តាមផ្លូវសមុទ្រក្រហម

បរទេស៖ យោងតាមប្រភពព័ត៌មានចំនួន ៤ បានឱ្យដឹងថា នៅក្នុងខែនេះប្រទេសអ៊ីរ៉ង់បានបញ្ជូនក្រុមមេបញ្ជាការនៃកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ទីប្រឹក្សាយោធា ព្រមទាំងបរិក្ខារពាក់ព័ន្ធនឹងកាំជ្រួចមីស៊ីល និងដ្រូន ចូលទៅក្នុងប្រទេសយេម៉ែន ដែលជាចំណាត់ការមួយបង្ហាញថា ទីក្រុងតេហេរ៉ង់កំពុងស្វែងរកការបង្កើន សមត្ថភាពដល់ក្រុមហ៊ូទី (Houthi) ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងការគំរាមកំហែង ដល់ការដឹកជញ្ជូន តាមផ្លូវសមុទ្រក្រហម។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ថា ប្រភពចំនួន ៤ ដែលដឹងពីបញ្ហានេះ រួមមានប្រភពពីអ៊ីរ៉ង់ចំនួន ២ រូប រដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់យេម៉ែន និងអ្នកវិភាគសន្តិសុខក្នុងតំបន់មួយរូប បានថ្លែងថា អ៊ីរ៉ង់បានផ្ទេរបុគ្គលិកកងទ័ព IRGC និងបរិក្ខារពាក់ព័ន្ធនឹងយោធា តាមរយៈជើងហោះហើរមួយពីទីក្រុងតេហេរ៉ង់ ទៅកាន់ប្រទេសយេម៉ែន កាលពីថ្ងៃទី ១៣ ខែកក្កដា ដែលជាការវិវឌ្ឍថ្មី មួយមិនធ្លាប់មានការរាយការណ៍ ពីមុនមកនោះទេ ។

ប្រភពពីអ៊ីរ៉ង់ទាំង ២ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ថា បុគ្គលិកកងទ័ព IRGC ចន្លោះពី ១០ ទៅ ២១ នាក់ រួមទាំងមេបញ្ជាការជាន់ខ្ពស់ផងនោះ មានវត្តមាននៅលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Mahan Air ។
ដំបូងឡើយ យន្តហោះនេះមានគោលដៅឆ្ពោះទៅកាន់ទីក្រុងសាណា (Sanaa) ដែលជាទីក្រុងគ្រប់គ្រងដោយក្រុមហ៊ូទី ប៉ុន្តែត្រូវបានបង្វែរទិសដៅ ទៅកាន់ទីក្រុងកំពង់ផែ ហូដេដាហ៍ (Hodeidah) នៃសមុទ្រក្រហមវិញ បន្ទាប់ពីព្រលានយន្តហោះ រងការវាយប្រហារពីសំណាក់រដ្ឋាភិបាលយេម៉ែន ដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត។

ប្រភពមួយបានលើកឡើងថា៖ «ក្រុមមេបញ្ជាការ IRGC បានធ្វើដំណើរទៅទីនោះ ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់ក្រុមហ៊ូទី និងផ្តល់ការបណ្តុះបណ្តាលលើប្រព័ន្ធកាំជ្រួចមីស៊ីលថ្មីៗ» ដោយបានបន្ថែមថា អ៊ីរ៉ង់ក៏បានផ្ញើមាសតាមយន្តហោះនោះផងដែរ ដើម្បីផ្តល់មូលនិធិដល់សកម្មភាពរបស់ក្រុមហ៊ូទី។ ប្រភពពីអ៊ីរ៉ង់ទាំង ២ រូបនេះ បានផ្តល់បទសម្ភាសន៍ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ដោយសារតែបញ្ហាសន្តិសុខ។

To Top