បទវិភាគ៖ ហ្វីលីពីន ប៉ុនប៉ងបង្ករឿង ក្រោមលេសសមុទ្រចិនខាងត្បូង ពិតជាអសាឥតការ ជាក់ជាមិនខាន
នៅថ្ងៃទី២៣ខែកក្កដា នាវារដ្ឋាភិបាលហ្វីលីពីនពីរគ្រឿង មិនអើពើនឹងការរារាំង និងការព្រមានម្តងហើយម្តងទៀត ពីប្រទេសចិន បានបំពានចូលដែនទឹកនៃកោះ Huangyan ដែលស្ថិតក្រោមការគ្រប់គ្រង របស់ប្រទេសចិន យ៉ាងកម្រោល។ ឆ្មាំសមុទ្រចិន បានចាត់វិធានការ ដ៏ចាំបាច់ស្របតាមច្បាប់ ដើម្បីបណ្តេញពួកគេចេញ។ នេះជាលើកទីពីរហើយ ដែលភាគីហ្វីលីពីន បានបង្ករឿង បន្ទាប់ពីការបង្ករឿង និងវាយប្រហារដោយចេតនា លើបុគ្គលិកឆ្មាំសមុទ្រចិន កាលពីរបីថ្ងៃមុននៅថ្មប៉ប្រះទឹកRen’ai។ គួរកត់សម្គាល់ថា ព្រឹត្តិការណ៍រំលោភបំពាននិងបង្ករឿងទាំងពីរលើក របស់ហ្វីលីពីន បានកើតឡើង ខណៈពេលបើកធ្វើ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន ដែលបង្ហាញយ៉ាងច្បាស់ ពីចេតនារបស់ហ្វីលីពីន ដែលបង្ករឿងក្រោមលេសសមុទ្រចិនខាងត្បូង និងបំផ្លាញដល់បរិយាកាស នៃកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ។
ទោះជាយ៉ាងណាក៏ដោយ ទង្វើនេះពិតជាអសាឥត បានការនឹងទទួលបរាជ័យជាក់ជាមិនខាន។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន បានបញ្ជូនសញ្ញាយ៉ាងច្បាស់លាស់មួយថា៖ ប្រទេសជាសមាជិកនានា នៃអាស៊ានមានការរំពឹងទុក សម្រាប់ពង្រឹងការតភ្ជាប់ ជាយុទ្ធសាស្ត្រជាមួយប្រទេសចិន ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនានា និងឈានដល់ការសម្រេច “ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង” ក្នុងពេលឆាប់ៗនៅក្នុងឆ្នាំនេះ ដើម្បីរួមគ្នាគាំពារសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង។

ឆ្នាំនេះគឺជាខួបលើកទី៥ នៃការបង្កើតទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ាន។ ចាប់ពីគំនិតឯកភាពគ្នាដ៏សំខាន់រវាងចិននិងប្រទេសអាស៊ានទាំង៨ ស្តីពីការរួមគ្នា កសាងសហគមន៍ជោគវាសនារួមទ្វេភាគី រហូតដល់ការចុះហត្ថលេខាជាផ្លូវការលើពិធីសារ ស្តីពីការលើកកម្ពស់កម្រិតនៃតំបន់ពាណិជ្ជកម្មសេរី ចិន-អាស៊ាន ៣.០ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងវិស័យផ្សេងៗបានធ្វើឡើងយ៉ាងផុលផុស ដែលកំពុងស្ថិតនៅលើគន្លងល្បឿនលឿន។
នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសលើកនេះ លោកWang Yiសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានអធិប្បាយ ពីគោលជំហរជាគោលការណ៍ របស់ចិន លើបញ្ហាសមុទ្រចិនខាងត្បូង ដោយបានសង្កត់ធ្ងន់ថា ប្រទេសក្នុងតំបន់គួរតែគោរព យ៉ាងតឹងរ៉ឹងតាម «សេចក្តីប្រកាសស្តីពី ការប្រព្រឹត្តរបស់ភាគីនានា នៅសមុទ្រចិនខាងត្បូង» ជាមួយគ្នានេះដែលត្រូវទប់ទល់ នឹងការញុះញង់អុជអាល់របស់កម្លាំងខាងក្រៅ ប្រឆាំងនឹងប្រទេសមួយចំនួនតូច ដែលប៉ុនប៉ងបង្ករឿង ក្រោមលេសសមុទ្រចិនខាងត្បូង ហើយត្រូវក្តាប់ជាប់យ៉ាងមុតមាំនូវសិទ្ធិដឹកនាំនៃការគាំពារសន្តិភាព និងស្ថិរភាពរបស់សមុទ្រចិនខាងត្បូង ក្នុងដៃរបស់ខ្លួន។ ក្នុងអំឡុងពេលជួបពិភាក្សាជាមួយលោកស្រី Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ប្រទេសចិន បានដាស់តឿនឱ្យហ្វីលីពីន បញ្ឈប់ភ្លាមៗ នូវសកម្មភាពបង្ករឿងលើបញ្ហាសមុទ្រចិនខាងត្បូង គោរពតាមពាក្យសន្យា ដែលខ្លួនបានធ្វើចំពោះប្រទេសចិន និងធ្វើកិច្ចខិតខំប្រឹងប្រែង យ៉ាងប្រាកដប្រជា ដើម្បីលំនឹងទំនាក់ទំនងទ្វេភាគី។
ការរំខានមិនអាចធ្វើឱ្យប៉ះពាល់ ដល់ស្ថានភាពទូទៅបានទេ។ យោងតាមការផ្សាយដំណឹង នៃវេបសាយព័ត៌មានហ្វីលីពីន Rappler បានឱ្យដឹងថា លោកស្រី Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានថ្លែងថា លោកបានលើកឡើងនូវសំណួរ ចំពោះបុគ្គលិកពាក់ព័ន្ធអាស៊ាន ទាក់ទងនឹងជម្លោះ ដែលកើតឡើងនៅថ្មប៉ប្រះទឹកRen’ai នៅពេលថ្មីៗនេះ ប៉ុន្តែពួកគេ”មិនបានឆ្លើយតបទេ”។ ការណ៍នេះបង្ហាញថា ការគាំពារសន្តិភាពនិងស្ថិរភាព នៅសមុទ្រចិនខាងត្បូងគឺជាក្តីប្រាថ្នា និងទិសដៅនៃកិច្ចខិតខំប្រឹងប្រែងរួម សម្រាប់ប្រទេសនានាក្នុងតំបន់។
ប្រឈមមុខនឹងនិន្នាការ ទូទៅនៃកិច្ចសហប្រតិបត្តិការ ចិន-អាស៊ាន ការប៉ុនប៉ងរបស់ហ្វីលីពីន ក្នុងការបង្ករឿងក្រោមលេសសមុទ្រចិនខាងត្បូង និងការជ្រៀតជ្រែក និងការបំផ្លិចបំផ្លាញដោយកម្លាំងខាងក្រៅ គឺប្រៀបដូចជាយកពងមាន់ទៅជល់នឹងថ្ម។ ក្តាប់ជាប់នូវកាលានុវត្តភាព និងលុបបំបាត់ការរំខាន ប្រទេសចិននិងប្រទេសអាស៊ានមានតម្រិះប្រាជ្ញា និងមានសមត្ថភាពក្នុងការបន្តដោះស្រាយ បញ្ហាសមុទ្រចិនខាងត្បូង ឱ្យបានសមរម្យ ដើម្បីធ្វើឱ្យសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងមេត្រីភាពក្លាយជាប្រធានបទសំខាន់ៗ នៅសមុទ្រចិនខាងត្បូង និងធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគី បន្តក្លាយជាក្បាលម៉ាស៊ីន នៃការអភិវឌ្ឍនិងស្តារអាស៊ីឡើងវិញ និងជាគំរូនៃកិច្ចសហប្រតិបត្តិការ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាការបំពេញបន្ថែមកម្លាំង ចលករដ៏ខ្លាំងក្លា ប្រកបដោយភាពយូរអង្វែង ស្ថិរភាព វិបុលភាព និងវិជ្ជមានសម្រាប់ពិភពលោកដែលកំពុងស្ថិតក្នុង ដំណាក់កាល រង្គោះរង្គើនិងកំណែទម្រង់៕









