ព័ត៌មានអន្តរជាតិ

កាសែត Berliner Zeitung ៖ ប្រទេសអាល្លឺម៉ង់ កំពុងចំណាយប្រាក់ថ្លៃ ជាងមុនរហូតដល់ទៅ ៥ ដង សម្រាប់ការនាំចូលឧស្ម័ន បន្ទាប់ពីបោះបង់ចោលកិច្ច សន្យាផ្គត់ផ្គង់ជាមួយរុស្ស៊ី

បរទេស៖ យោងតាមការចុះផ្សាយ របស់កាសែត Berliner Zeitung របស់អាល្លឺម៉ង់បានឱ្យដឹងថា ប្រទេសអាល្លឺម៉ង់កំពុង ចំណាយប្រាក់ថ្លៃ ជាងមុនរហូតដល់ទៅ ៥ ដង សម្រាប់ការនាំចូលឧស្ម័ន បន្ទាប់ពីបានបោះបង់ចោលកិច្ច សន្យាផ្គត់ផ្គង់ រយៈពេលវែងជាមួយរុស្ស៊ី ដែលជាផ្នែកមួយ នៃទណ្ឌកម្មរបស់សហភាពអឺរ៉ុប។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ថា កាសែតដដែលនេះ បានសរសេរ កាលពីថ្ងៃពុធថា នាពេលបច្ចុប្បន្ន ទីក្រុងប៊ែឡាំងត្រូវពឹងផ្អែកលើទីផ្សារ ថាមពលអន្តរជាតិដែលមានការប្រែប្រួលខ្លាំង ដែលទីផ្សារនេះកំពុងរងការរង្គោះរង្គើ ដោយសារតែការបិទច្រកសមុទ្រ ហរមូស (Hormuz) ជាក់ស្តែង ក្នុងកំឡុងពេលមានជម្លោះបន្តបន្ទាប់គ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

អាល្លឺម៉ង់ ដែលធ្លាប់តែជាមហាអំណាចឧស្សាហកម្មរបស់អឺរ៉ុប បានបោះបង់ចោលការនាំចូលឧស្ម័នតម្លៃថោកពីរុស្ស៊ីក្នុងឆ្នាំ ២០២២ ក្នុងនាមជាផ្នែកមួយ នៃយុទ្ធនាការទណ្ឌកម្ម របស់សហភាពអឺរ៉ុប ប្រឆាំងនឹងទីក្រុងម៉ូស្គូ បន្ទាប់ពីការកើន ឡើងកម្តៅ នៃជម្លោះអ៊ុយក្រែន ។ ការបិទខ្ទប់ដែលខ្លួន ឯងជាអ្នកដាក់ចេញនេះ រួមផ្សំនឹងការលុបបំបាត់ ថាមពលនុយក្លេអ៊ែរ ជាដំណាក់កាលដើម្បីងាក ទៅរកថាមពលកកើតឡើងវិញ បានផ្តល់នូវការវាយប្រហារ យ៉ាងធ្ងន់ធ្ងរដល់វិស័យឧស្សាហកម្មរបស់អាល្លឺម៉ង់។

មុនពេលមានការបិទខ្ទប់នេះ ប្រទេសរុស្ស៊ីធ្លាប់ផ្គត់ផ្គង់ ៥៥% នៃការនាំចូលឧស្ម័នធម្មជាតិរបស់ប្រទេសនេះ។ នាពេលបច្ចុប្បន្ន អាល្លឺម៉ង់ទទួលបានឧស្ម័នពីប្រទេសន័រវែស (៤៤%) ហូឡង់ (២៤%) និងប៊ែលហ្ស៊ិក (២១%) ដោយក្នុងនោះឧស្ម័នធម្មជាតិរាវ (LNG) របស់សហរដ្ឋអាមេរិក ចំណែកភាគច្រើននៃបរិមាណដែលនៅសេសសល់។

យោងតាមកាសែត Berliner Zeitung , តម្លៃនាំចូលឧស្ម័នរបស់អាល្លឺម៉ង់បានកើនឡើងពី ១២ អឺរ៉ូ (១៣,៦៥ ដុល្លារ) ក្នុងមួយមេហ្គាវ៉ាត់ម៉ោង (MWh) ក្នុងឆ្នាំ ២០២០ នៅពេលដែលកិច្ចសន្យារយៈពេលវែងជាមួយរុស្ស៊ីនៅមានសុពលភាព ទៅដល់ជាង ៦០ អឺរ៉ូ (៦៨,២៥ ដុល្លារ) នៅក្នុងសប្តាហ៍នេះ ចំពេលដែលមានការវាយប្រហារ តបតគ្នាយ៉ាងបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

To Top