ប្រទេសឥណ្ឌា និងមីយ៉ាន់ម៉ា នឹងពង្រឹង កិច្ចសហប្រតិបត្តិការលើ វិស័យរ៉ែកម្រឱ្យកាន់តែស៊ីជម្រៅ ចំពេលឥណ្ឌា កំពុងកាត់បន្ថយការពឹង ផ្អែកលើប្រទេសចិន
បរទេស៖ ប្រទេសឥណ្ឌា និងប្រទេសមីយ៉ាន់ម៉ា កំពុងស្វែងរកការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែកម្រ (rare earths) ខណៈពេលដែលទីក្រុងញូដេលីកំពុងពង្រីកកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើពិពិធកម្មការផ្គត់ផ្គង់រ៉ែយុទ្ធសាស្ត្រទាំងនេះ និងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ដែលជាអ្នកក្តោបក្តាប់ការផ្គត់ផ្គង់សកល។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ថា លោក Abhay Thakur ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំប្រទេសមីយ៉ាន់ម៉ា បានមានប្រសាសន៍នៅក្នុងសម័យប្រជុំបើក នៃវេទិកាឥណ្ឌា-មីយ៉ាន់ម៉ា ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យរ៉ែ និងរ៉ែខនិជ ក្នុងសប្តាហ៍នេះថា កិច្ចសហប្រតិបត្តិការក្នុងវិស័យរ៉ែ បានឈានដល់សន្ទុះយ៉ាងខ្លាំងក្លាក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
រ៉ែទាំងនេះគឺចាំបាច់សម្រាប់យកទៅផលិតជាសមាសភាគគន្លឹះសម្រាប់ការបង្កើតថាមពលកកើតឡើងវិញ យានយន្តអគ្គិសនី ប្រព័ន្ធផ្ទុកថាមពល គ្រឿងអេឡិចត្រូនិកកម្រិតខ្ពស់ ទូរគមនាគមន៍ និងឧស្សាហកម្មផ្សេងៗទៀត។ ប្រហែលពាក់កណ្តាល នៃការផ្គត់ផ្គង់រ៉ែកម្រធ្ងន់ (heavy rare earths) របស់ពិភពលោក ត្រូវបានទាញយកចេញ ពីរ៉ែនៅក្នុងរដ្ឋកាឈីន (Kachin) នៃប្រទេសមីយ៉ាន់ម៉ា។ បន្ទាប់មក រ៉ែកម្រទាំងនោះត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសចិន ដើម្បីកែច្នៃទៅជាមេដែក។
លោកឯកអគ្គរដ្ឋទូតឥណ្ឌាបានមានប្រសាសន៍ថា៖ «ឥណ្ឌា និងមីយ៉ាន់ម៉ា មានជំហរល្អក្នុងការធ្វើការរួមគ្នា នៅក្នុងទិដ្ឋភាពដែលកំពុងលេចធ្លោនេះ»។ គណៈប្រតិភូវិស័យរ៉ែចំនួនពីរ លើផ្នែករ៉ែកម្រ និងរ៉ែសំខាន់ៗពីប្រទេសឥណ្ឌា បានទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា កាលពីខែធ្នូ ឆ្នាំ២០២៤ និងម្តងទៀតកាលពីខែកុម្ភៈកន្លងទៅនេះ។
ក្រុមហ៊ុនរ៉ែដែលគាំទ្រ ដោយរដ្ឋ IREL និងក្រុមហ៊ុនឯកជន Midwest Advanced Materials ស្ថិតក្នុងចំណោម ក្រុមហ៊ុនដែលត្រូវបានរាយការណ៍ថា បានចូលរួមក្នុងការពិភាក្សា ដើម្បីស្វែងរកការប្រមូល និងការដឹកជញ្ជូនគំរូរ៉ែពីអណ្តូងរ៉ែ ក្នុងប្រទេសមីយ៉ាន់ម៉ា។
ជាផ្នែកមួយនៃយុទ្ធសាស្ត្រដើម្បីធ្វើពិពិធកម្មការផ្គត់ផ្គង់ និងកាត់បន្ថយការពឹងផ្អែកលើរ៉ែសំខាន់ៗពីប្រទេសចិន ដែលជាអ្នកផលិតរ៉ែកម្រធំបំផុតនៅលើពិភពលោក ថ្មីៗនេះ ទីក្រុងញូដេលីបានស្វែងរកគំរូរ៉ែកម្រពីប្រភពរ៉ែស៊ីបេរី ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនរុស្ស៊ី Rosneft ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា









