អ៊ីរ៉ង់ ផ្អាកការវាយប្រហារសងសឹក បន្ទាប់ពីសហរដ្ឋអាមេរិក បញ្ឈប់ការវាយប្រហារ
តេអេរ៉ង់៖ អ៊ីរ៉ង់ បានឧ្យដឹងថា ខ្លួនបានបញ្ឈប់ការវាយប្រហារសងសឹកបន្ទាប់ពីសហរដ្ឋអាមេរិក បានបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើប្រទេសនេះអស់រយៈពេលពីរយប់កន្លងមក។
អ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់លោក Mohammad Akraminia បានឧ្យដឹងថា “ការវាយប្រហារទាំងនេះបានបន្តរហូតដល់ពីរយប់មុន ប៉ុន្តែក្នុងរយៈពេលពីរយប់កន្លងមកនេះ អាមេរិកបានបញ្ឈប់ការវាយប្រហាររបស់ពួកគេ”។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឧ្យដឹងថា សហរដ្ឋអាមេរិក កំពុងផ្លាស់ប្តូរសារជាមួយអ៊ីរ៉ង់ តាមរយៈអ្នកសម្របសម្រួល រួមទាំងប៉ាគីស្ថាន និងកាតា។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា លោក Baghaei បានសង្កត់ធ្ងន់នៅក្នុងបទសម្ភាសន៍ថា ដើម្បីឲ្យការសន្ទនាណាមួយត្រូវបានបង្កើតឡើង “មូលដ្ឋានត្រឹមត្រូវ” ត្រូវតែត្រូវបានរៀបចំ ដោយកត់សម្គាល់ថា សហរដ្ឋអាមេរិក បានបំផ្លាញមូលដ្ឋានបែបនេះ។
លោកបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាបានរំលោភលើ “បទប្បញ្ញត្តិទាំងអស់របស់ខ្លួន” ក្នុងការអនុវត្តជាក់ស្តែងក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។
អ្នកនាំពាក្យរូបនេះបានបន្ដថា អាទិភាពបច្ចុប្បន្នរបស់អ៊ីរ៉ង់ “គឺការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន និងការពារប្រជាជនរបស់ខ្លួនប្រឆាំងនឹងឧក្រិដ្ឋកម្មសង្គ្រាម ដែលកំពុងត្រូវបានប្រព្រឹត្តដោយសហរដ្ឋអាមេរិក”។
គួរបញ្ជាក់ថា ក្រោមអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខានៅថ្ងៃទី១៨ ខែមិថុនា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ត្រូវបានគ្រោងនឹងធ្វើកិច្ចចរចាក្នុងរយៈពេល ៦ថ្ងៃដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយ ប៉ុន្តែជោគវាសនានៃកិច្ចចរចានេះកំពុងជាប់គាំងបន្ទាប់ពីការប៉ះទង្គិចគ្នាឡើងវិញរវាងប្រទេសទាំងពីរក្នុងរយៈពេលពីរសប្តាហ៍កន្លងមក៕
ប្រែសម្រួល ឈូក បូរ៉ា









