កិច្ចពិភាក្សារវាងអ៊ីរ៉ង់ អូម៉ង់ ផ្ដោតសំខាន់លើការគ្រប់គ្រងចរាចរណ៍ ក្នុងច្រកសមុទ្រហ័រមូស
តេអេរ៉ង់៖ អ៊ីរ៉ង់ និងអូម៉ង់ បានធ្វើកិច្ចពិភាក្សា លើការគ្រប់គ្រងចរាចរណ៍ដឹកជញ្ជូនដោយសុវត្ថិភាពនៅច្រកសមុទ្រហ័រមូស ដោយសម្រេចបានវឌ្ឍនភាពខ្លះ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei ។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា ដែលបានធ្វើឡើងនៅទីក្រុងតេអេរ៉ង់ ក្នុងកម្រិតអនុរដ្ឋមន្ត្រីការបរទេស កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើគោលការណ៍រួម និងយន្តការប្រតិបត្តិការសម្រាប់ការគ្រប់គ្រងចរាចរណ៍ដឹកជញ្ជូនដោយសុវត្ថិភាពនៅច្រកសមុទ្រហ័រមូស ខណៈពេលដែលគោរពសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសរបស់ពួកគេជារដ្ឋឆ្នេរសមុទ្រ ។
លោក Baghaei បានឧ្យដឹងថា «កិច្ចពិភាក្សាមានផ្លែផ្កា និងវឌ្ឍនភាពខ្លះត្រូវបានសម្រេច។ គណៈប្រតិភូអូម៉ង់ បានចាកចេញពីទីក្រុងតេអេរ៉ង់ នៅល្ងាចថ្ងៃសៅរ៍ ប៉ុន្តែការពិគ្រោះយោបល់បច្ចេកទេស និងនយោបាយរវាងភាគីទាំងពីរនៅតែបន្ត»។
លោក Baghaei បានសង្កត់ធ្ងន់ថា មិនទាន់មានការផ្លាស់ប្តូរណាមួយកើតឡើងនៅឡើយទេ នៅក្នុងស្ថានភាពចរាចរណ៍ផ្លូវសមុទ្រនៅច្រកសមុទ្រហ័រមូស។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា បន្ទាប់ពីការមកដល់របស់គណៈប្រតិភូអូម៉ង់ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Seyed Abbas Araghchi និងសមភាគីអូម៉ង់របស់លោក គឺលោក Sayyid Badr bin Hamad Al Busaidi បានធ្វើការសន្ទនាតាមទូរស័ព្ទនៅថ្ងៃដដែល ដោយផ្លាស់ប្តូរទស្សនៈលើការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាសន្តិសុខនៃការធ្វើនាវាចរណ៍ និងការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រហ័រមូស និងឈូងសមុទ្រ។
ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាសុវត្ថិភាពដឹកជញ្ជូន និងពិភាក្សាអំពីវិធីសាស្រ្ត និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីទប់ស្កាត់ការកើនឡើងនៃភាពតានតឹង និងធានាសន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីខាងលិច៕
ប្រែសម្រួល ឈូក បូរ៉ា









