ស្រ្តីជនជាតិថៃម្នាក់ ត្រូវប៉ូលីសជប៉ុនចាប់ខ្លួន ក្រោយពីរកឃើញគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន នៅក្នុងកញ្ចប់កាហ្វេ
បរទេស៖ បងប្អូនសាច់ញាតិ របស់ស្ត្រីជនជាតិថៃម្នាក់ ដែលត្រូវ បានចាប់ខ្លួននៅប្រទេសជប៉ុន ក្រោយពីអាជ្ញាធរ បានរកឃើញសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (គ្រីស្តាល់មេត ឬទឹកកក) លាក់ទុកក្នុងកញ្ចប់កាហ្វេក្នុងកាបូបរបស់នាង កំពុងអំពាវនាវឱ្យប៉ូលិសថៃ ស៊ើបអង្កេតលើអ្វីដែលពួកគេជឿជាក់ថា ជាបណ្តាញជួញដូរគ្រឿងញៀនអន្តរជាតិ ដែលកំពុងទាញយកប្រយោជន៍ពីអ្នកដឹកជញ្ជូនកញ្ចប់ឥវ៉ាន់។
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ថា ស្ត្រីវ័យ ២៨ ឆ្នាំរូបនេះ មានឈ្មោះថា ជុថាធិប ថងណយ (Juthathip Thongnoi) បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុនកាលពីថ្ងៃទី ១១ ខែកក្កដា ជាមួយមិត្តប្រុស និងសហការីម្នាក់ទៀត។ ពួកគេធ្វើការជាអ្នកដឹកជញ្ជូន ដោយដឹកជញ្ជូនកញ្ចប់ឥវ៉ាន់ឱ្យអតិជនជនជាតិថៃដែលរស់នៅប្រទេសជប៉ុន។
យោងតាមក្រុមគ្រួសាររបស់នាង ក្រុមនេះបានចេញដំណើរពីអាកាសយានដ្ឋានដនមឿង ក្នុងទីក្រុងបាងកក តាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia និងបានមកដល់អាកាសយានដ្ឋាន Fukuoka នៅព្រឹកថ្ងៃទី ១២ ខែកក្កដា ដែលជាពេលមន្ត្រីគយបានត្រួតពិនិត្យកាបូបរបស់ពួកគេ។
ក្រុមគ្រួសាររបស់នាងបានប្រាប់ថា នាង ជុថាធិប ត្រូវបានឃាត់ខ្លួន បន្ទាប់ពីអាជ្ញាធរបានរកឃើញសារធាតុញៀនប្រភេទ មេតំហ្វេតាមីន លាក់ទុកក្នុងកញ្ចប់កាហ្វេដែលបានរៀបចំក្នុងចំណោមឥវ៉ាន់ដែលនាងយកតាមខ្លួន។
ចំណែកមិត្តប្រុសរបស់នាងគឺលោក សារ៉ាវុធ ក្លាប់ឌី (Sarawut Klabdee) បាននិយាយថា នាង ជុថាធិប បានបង្កើតគ្រុប Line មួយដែលមានឈ្មោះថា THIENTHIEN SHOP តាំងពីឆ្នាំមុនមកម្ល៉េះ ដោយផ្តល់សេវាដឹកជញ្ជូនកញ្ចប់ឥវ៉ាន់រវាងប្រទេសថៃ និងប្រទេសជប៉ុន។
លោកបាននិយាយថា នៅថ្ងៃទី១០ ខែកក្កដា អតិថិជនម្នាក់ដែលប្រើប្រាស់ឈ្មោះនៅលើកម្មវិធី Line ថា “ing ing” បានទាក់ទងមកក្រុមនេះ និងបានជួលពួកគេឱ្យដឹកជញ្ជូនកញ្ចប់ឥវ៉ាន់ទម្ងន់ ១២ គីឡូក្រាមទៅកាន់ប្រទេសជប៉ុន ក្នុងតម្លៃឈ្នួល ៣.៦០០ បាត។ កញ្ចប់ឥវ៉ាន់នោះត្រូវបានបិទ ជិតយ៉ាងណែនដោយស្កុតក្រាស់ ហើយគាត់មិនប្រាកដថា តើ ជុថាធិប បានបើកវាដើម្បីពិនិត្យមើល មាតិកាខាងក្នុងឬអត់នោះទេ។
ប្រែសម្រួលៈ ណៃ តុលា









