ទិន្នន័យដឹកជញ្ជូនបង្ហាញថា ចរាចរណ៍នៅសមុទ្រក្រហម មានសភាពយឺតយ៉ាវ ក្រោយពីក្រុមហួតទី វាយប្រហារទៅលើ អារ៉ាប៊ីសាអូឌីត
បរទេស៖ ចរាចរណ៍របស់នាវាឆ្លងកាត់ច្រកសមុទ្រ Bab el-Mandeb បានធ្លាក់ចុះកាលពីថ្ងៃអាទិត្យ បន្ទាប់ពីក្រុមឧទ្ទាមហួតទី (Houthis) នៅប្រទេសយេម៉ែន បានវាយប្រហារទៅលើទីតាំងប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត តាមបណ្តោយឆ្នេរសមុទ្រក្រហម ខណៈដែលការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz នៅតែមានកម្រិតទាបដដែលក្នុងអំឡុងពេលចុងសប្តាហ៍, នេះបើបើយោងតាមទិន្នន័យដឹកជញ្ជូនពីក្រុមហ៊ុន Kpler បានបង្ហាញនៅថ្ងៃចន្ទ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ថា យោងតាមទិន្នន័យបានបង្ហាញថា នាវាទំនិញចំនួន ១១ គ្រឿងបានឆ្លងកាត់ច្រកសមុទ្រ Bab el-Mandeb កាលពីថ្ងៃអាទិត្យ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនខែ ។
ចរាចរណ៍នៅសមុទ្រក្រហមត្រូវបានរំខាននៅឯក្បែរឆ្នេរសមុទ្រយេម៉ែនចាប់តាំងពីសប្តាហ៍មុនមក ដោយសារក្រុមហួតទីដែលគាំទ្រដោយទីក្រុងតេអេរ៉ង់ ដែលចង់ធ្វើការបិទខ្ទប់ ការនាំចេញរបស់អារ៉ាប៊ីសាអូឌីត ដោយពង្រីកជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានរាំងស្ទះដល់ការ ផ្គត់ផ្គង់ប្រេងតាមច្រកសមុទ្រ Hormuz រួចទៅហើយ។
ការរំខានដល់ការដឹកជញ្ជូនបាន បណ្តាលឱ្យតម្លៃទំនិញប្រេងឆៅជាក់ស្តែងនៅមជ្ឈិមបូព៌ា អឺរ៉ុប និងអាហ្វ្រិក ហក់ឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលពីរខែកាលពីសប្តាហ៍មុន។
យោងតាមទិន្នន័យបានបង្ហាញទៀតថា នាវាដែលបានឆ្លងកាត់ច្រក Bab el-Mandeb ចំនួន៧គ្រឿង គឺជានាវាផ្ទុកប្រេង ដោយក្នុងនោះមានចំនួនបីគ្រឿង បានចូលទៅក្នុងសមុទ្រក្រហម។ នាវាពីរគ្រឿងក្នុងចំណោមនោះ គឺជាប្រភេទនាវាផ្ទុកប្រេងឆៅខ្នាតយក្ស (VLCCs) ដែលកំពុងធ្វើដំណើរទៅកាន់កំពង់ផែ Yanbu ដើម្បីផ្ទុកប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីត ខណៈដែលនាវាទីបីគឺជានាវាដែលមានទំនាក់ទំនងជាមួយរុស្ស៊ី ៕
ប្រែសម្រួលៈ ណៃ តុលា









