ប្រទេសថៃ នឹងបោះបង់ចោលគម្រោង សង់ស្ពានភ្ជាប់សមុទ្រថៃទៅសមុទ្រ អាន់ដាម៉ាន់ តម្លៃ ៣០ ពាន់លានដុល្លារ ដោយសារការព្រួយបារម្ភ អំពីការខាតបង់សេដ្ឋកិច្ច
បរទេស៖ ប្រទេសថៃ គ្រោងនឹងបោះបង់ចោលគម្រោងមេហ្គាស្ថាបត្យកម្មស្ពាន ដែលបានស្នើឡើងដើម្បីតភ្ជាប់ឈូងសមុទ្រថៃ និងសមុទ្រអាន់ដាម៉ាន់ (Andaman Sea) បន្ទាប់ពីការសិក្សារបស់រដ្ឋាភិបាលបានសន្និដ្ឋានថា វាមិនមានសក្តានុពលសេដ្ឋកិច្ចទៀតទេ និងបង្កហានិភ័យបរិស្ថានយ៉ាងសំខាន់។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Ekniti Nitithanprapas បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ២៤ ខែកក្កដា ស្របតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Bloomberg ថា គណៈកម្មាធិការរដ្ឋាភិបាលមួយបានណែនាំឱ្យលុបចោលគម្រោងនេះ ដែលពីមុនត្រូវបានប៉ាន់ប្រមាណថា មានតម្លៃប្រមាណ ១ ទ្រីលានបាត ស្មើនឹង ៣០ ពាន់លានដុល្លារអាមេរិក។
លោកបាននិយាយថា ការសិក្សាដែលបានធ្វើបច្ចុប្បន្នភាព បានរកឃើញថា គម្រោងនេះនឹងបង្កើតឱ្យមានការខាតបង់សរុប ដោយបានផ្លាស់ប្តូរការវាយតម្លៃពីមុន ដែលធ្លាប់បានព្យាករណ៍ពីផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើន។
តំណភ្ជាប់ប្រវែង ១០០ គីឡូម៉ែត្រដែលបានស្នើឡើងនេះ ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយពេលវេលាដឹកជញ្ជូនរវាងមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ដោយអនុញ្ញាតឱ្យនាវាចៀសវាងច្រកសមុទ្រ Malacca (Malacca Strait)។ គម្រោងនេះបានទទួលការចាប់អារម្មណ៍ជាថ្មីក្នុងឆ្នាំ ២០២៦ បន្ទាប់ពីភាពតានតឹងជុំវិញច្រកសមុទ្រ Hormuz បានបង្ហាញពីភាពងាយរងគ្រោះផ្លូវដឹកជញ្ជូនសកលលោក។
ប្រែសម្រួលៈ ណៃ តុលា









