ទីក្រុងហូជីមិញ បង្ហាញស្ថានីយរថភ្លើងក្រោមដី ដើម្បីតភ្ជាប់ស្ថានីយអ្នកដំណើរទាំង ៣ នៃព្រលានយន្តហោះតាន់សើនញ៉ាត់
បេទេស៖ ទីក្រុងហូជីមិញ គ្រោងនឹងសាងសង់ស្ថានីយរថភ្លើងក្រោមដីចំនួនពីរ នៅលើខ្សែរថភ្លើងក្រោមដី (Metro) តភ្ជាប់ពីតំបន់តាន់សើនញ៉ាត់ (Tan Son Nhat) ទៅតំបន់ភូហ៊ូ (Phu Huu) ដើម្បីតភ្ជាប់ស្ថានីយអ្នកដំណើរទាំងបី នៃព្រលានយន្តហោះតាន់សើនញ៉ាត់ ព្រមទាំងតភ្ជាប់ខ្សែរថភ្លើងនេះជាមួយផ្លូវរថភ្លើងក្រោមដីផ្សេងទៀត ដើម្បីបង្កើតជាមជ្ឈមណ្ឌលផ្លាស់ប្តូរទិសដៅធ្វើដំណើរដ៏សំខាន់មួយ។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ថា គណៈគ្រប់គ្រងរថភ្លើងឆ្ពោះទៅកាន់ទីក្រុងហូជីមិញ (Ho Chi Minh City Urban Railway Management Board) ដែលជាអ្នកគ្រប់គ្រងគម្រោងរថភ្លើងក្រោមដីទាំងអស់ កាលពីពេលថ្មីៗនេះ បានដាក់ស្នើសំណើទាក់ទងនឹងខ្សែរថភ្លើងក្រោមដីខ្សែទី៦ (Metro Line No. 6) ទៅកាន់អាជ្ញាធរមូលដ្ឋានដើម្បីពិនិត្យ មុននឹងចាប់ផ្តើមការសាងសង់។
ខ្សែរថភ្លើងនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាខ្សែរថភ្លើងចម្បងដែលតភ្ជាប់រវាងព្រលានយន្ដហោះអន្តរជាតិតាន់សើនញ៉ាត់ និងភាគខាងកើតនៃទីក្រុងហូជីមិញ។ នៅពេលដែលតភ្ជាប់ជាមួយផ្លូវរថភ្លើងធូធៀម–ឡុងថាញ់ (Thu Thiem–Long Thanh Railway) វានឹងបង្កើតបានជាច្រករបៀងដឹកជញ្ជូនដែលមានសមត្ថភាពខ្ពស់ រវាងព្រលានយន្តហោះតាន់សើនញ៉ាត់ និងព្រលានយន្តហោះអន្តរជាតិឡុងថាញ់ ដែលជិតលេចរូបរាងឡើង ព្រមទាំងជួយកាត់បន្ថយការកកស្ទះនៅលើបណ្តាញផ្លូវគោកផងដែរ។
ខ្សែរថភ្លើងនេះ ស្ថិតនៅក្នុងចំណោមវិនិយោគទុនលើហេដ្ឋារចនាសម្ព័ន្ធអាទិភាពរបស់ទីក្រុង ដោយការសាងសង់ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅចុងឆ្នាំនេះ និងបញ្ចប់នៅក្នុងឆ្នាំ២០៣០។
យោងតាមការសិក្សាសមិទ្ធិលទ្ធភាព ខ្សែរថភ្លើងនេះនឹងមានប្រវែងជិត ២៣ គីឡូម៉ែត្រ រួមទាំងផ្នែកក្រោមដីប្រមាណ ១៩ គីឡូម៉ែត្រ។ វានឹងមានស្ថានីយក្រោមដីចំនួន ១៣ និងស្ថានីយផ្សេងទៀតចំនួន ៤ ហើយដេប៉ូ (កន្លែងចត/ថែទាំ) របស់វានឹងស្ថិតនៅក្នុងតំបន់ប៊ិញទ្រៀវ (Binh Trieu) នៃអតីតទីក្រុងធូឌឹក (Thu Duc)។
ប្រែសម្រួលៈ ណៃ តុលា









