ស្ថានទូតចិនប្រចាំប្រទេសថៃ ជំរុញឱ្យមានការស៊ើបអង្កេតភ្លាមៗ លើឧប្បត្តិហេតុ ដែលបុគ្គលិកសន្តិសុខ ពិព័រណ៍សៀវភៅ បានចាប់បោកផ្ទប់ស្ត្រីជនជាតិចិនម្នាក់
បរទេស៖ ស្ថានទូតចិនប្រចាំប្រទេសថៃ បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានទទូចឱ្យភាគីពាក់ព័ន្ធស្វែង រកការពិតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងដោះស្រាយឧប្បត្តិហេតុនេះ ឱ្យបានត្រឹមត្រូវ បន្ទាប់ពីមានហេតុការណ៍ ដែលជនជាតិចិនម្នាក់ ត្រូវបានបុគ្គលិក សន្តិសុខប្រើអំពើហិង្សា និងបណ្តេញចេញ ពីទីកន្លែងប្រារព្ធពិព័រណ៍សៀវភៅមួយ ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃសៅរ៍។
យោងតាមសារព័ត៌មាន The Global Times របស់ចិន ចេញផ្សាយកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនកម្សាន្តថៃ GMMTV។ វីដេអូឃ្លីបតាមអ៊ីនធឺណិតបង្ហាញថា បុគ្គលិក GMMTV ជាច្រើននាក់បានបង្ខំឱ្យស្ត្រីជនជាតិចិនម្នាក់នោះចេញពីព្រឹត្តិការណ៍ជួបជុំអ្នកគាំទ្រ (fan-meeting) របស់តារាល្បីថៃពីររូប។ ខណៈដែលអ្នកគាំទ្រជនជាតិចិនរូបនោះកាន់ទូរសព្ទដើម្បីថត បុគ្គលិកស្រីពាក់អាវខ្មៅម្នាក់បានចាប់ស្មា និងក របស់ស្ត្រីជនជាតិចិននោះ ព្រមទាំងព្យាយាមឆក់ទូរសព្ទដៃរបស់នាង។ នៅពេលដែលអ្នកគាំទ្រជនជាតិចិន នោះតវ៉ា តបតវិញ ស្រាប់តែបុគ្គលិកដែនដដែល នោះបានចាប់ក របស់នាងហើយរុញច្រាននាងទៅនឹងដី ដោយមានបុគ្គលិកជាច្រើននាក់ទៀតព័ទ្ធជុំវិញ។
អ្នកគាំទ្រជនជាតិចិនរូបនោះបាននិយាយថា នាងបានផ្តល់ចម្លើយ រួចហើយនៅស្ថានីយ៍ប៉ូលិសក្នុងស្រុក និងមានគម្រោងស្វែងរកជំនួយពីស្ថានទូតចិន ប្រចាំប្រទេសថៃ។
ការអំពាវនាវជាសាធារណៈឱ្យមានការសុំទោស ក្រុមហ៊ុន GMMTV បានចេញសេចក្តីថ្លែងការណ៍ផ្លូវការកាលពីថ្ងៃអាទិត្យ ដោយបានសារភាពថា បុគ្គលិកពាក់ព័ន្ធ «បានប្រើប្រាស់កម្លាំងខ្លាំងហួសហេតុ» លើសពីការចាំបាច់ និងបានបង្ហាញពី «ការសោកស្តាយ» ចំពោះឧប្បត្តិហេតុនេះ និងផលប៉ះពាល់លើ «អ្នកពាក់ព័ន្ធ»។
ក្រុមហ៊ុន GMMTV បានអះអាងថា បុគ្គលិក (ដែលប្រើប្រាស់កម្លាំង) រូបនោះ គឺជាបុគ្គលិកខាងក្រៅ ដែលត្រូវបានជួលមកសម្រាប់ព្រឹត្តិការណ៍នេះ ហើយត្រូវបានផ្អាកពីការងាររហូត ដល់ការស៊ើបអង្កេតដែលកំពុងបន្តត្រូវបញ្ចប់។
ស្ថានទូតចិនបានប្រកាសកាលពីថ្ងៃចន្ទតាមរយៈគណនី WeChat ផ្លូវការរបស់ខ្លួនថា ខ្លួនបានទទួលព័ត៌មានពីពលរដ្ឋដែលពាក់ព័ន្ធ និងបានកត់សម្គាល់ផងដែរ នូវសេចក្តីថ្លែងការណ៍ ដែលចេញដោយអ្នករៀបចំកម្មវិធី។
ប្រែសម្រួលៈ ណៃ តុលា









