ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូល របស់វៀតណាម អំពាវនាវឱ្យមានការពង្រឹង ការដឹកនាំរបស់បក្សលើការងារ អធិការកិច្ច ដើម្បីប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ

បរទេស៖ អគ្គលេខាបក្ស និង ជាប្រធានរដ្ឋរបស់វៀតណាម លោក តូ ឡឹម (Tô Lâm) បានដឹកនាំកិច្ចប្រជុំការងារមួយ ជាមួយគណៈកម្មាធិការបក្ស នៃអធិការកិច្ចរដ្ឋាភិបាល និង ថ្នាក់ដឹកនាំរបស់ខ្លួន នៅទីក្រុងហាណូយ កាលពីថ្ងៃចន្ទ ដើម្បីពិនិត្យមើលដំណើរការ ការងាររបស់វិស័យនេះ បន្ទាប់ពីការរៀបចំរចនាសម្ព័ន្ធឡើងវិញជាងមួយឆ្នាំ កំណត់ចំណុចទាល់ស្ទះស្ថាប័ន និងពិភាក្សាអំពីផែនការលើកកម្ពស់ ការដឹកនាំរបស់បក្សលើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីបំពេញតាមតម្រូវការក្នុងដំណាក់កាលបច្ចុប្បន្ន។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ថា បន្ទាប់ពីបានស្តាប់របាយការណ៍ និងមតិយោបល់ មេដឹកនាំជាន់ខ្ពស់វៀតណាមបានកោតសរសើរដល់គណៈកម្មាធិការបក្ស ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងមូលនៃអធិការកិច្ចរដ្ឋាភិបាល ដែលបានយកឈ្នះលើការលំបាក អនុវត្តយ៉ាងសកម្មនូវគំរូអង្គភាពថ្មី និងដោះស្រាយដោយជោគជ័យនូវភារកិច្ចការងារដ៏ធ្ងន់ធ្ងរ ដើម្បីសម្រេចបាននូវលទ្ធផលជាវិជ្ជមាន។

លោកបានកត់សម្គាល់ថា សកម្មភាពអធិការកិច្ចបានរកឃើញចំណុខ្វះខាតជាច្រើននៅក្នុងយន្តការ គោលនយោបាយ ការគ្រប់គ្រង និងការអនុវត្ត ខណៈពេលដែលបានស្នើឱ្យមានការកែសម្រួលបទប្បញ្ញត្តិរបស់បក្ស ក៏ដូចជាគោលនយោបាយ និងច្បាប់ផងដែរ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានជួយកែលម្អក្របខណ្ឌស្ថាប័ន ពង្រឹងប្រសិទ្ធភាពនៃការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋ ព្រមទាំងដោះសោធនធានសម្រាប់ការអភិវឌ្ឍជាតិ។

ការងារអធិការកិច្ចត្រូវតែដាក់ ផលប្រយោជន៍ជាតិ ផលប្រយោជន៍របស់ប្រជាជន វិន័យ និងការអភិវឌ្ឍនៅនឹងមុខគេ។ ដោយលើកឡើងពីទស្សនៈ ដឹកនាំចំនួនប្រាំ៦សម្រាប់វិស័យនេះ អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក តូ ឡឹម បានកត់សម្គាល់ថា ការងារនេះគួរតែរួមចំណែកដល់ការកសាងរដ្ឋ ឱ្យមានភាពស្អាតស្អំ លើកកម្ពស់អភិបាលកិច្ច ធានានូវការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព និងបង្កើតបរិយាកាសប្រកប ដោយតម្លាភាពសម្រាប់ការអភិវឌ្ឍ។ ក្រៅពីនេះ ការងារនេះក៏ត្រូវដោះស្រាយបញ្ហាអំពើពុករលួយ ភាពខ្ជះខ្ចាយ និងកំហុសឆ្គង ព្រមទាំងការពារមន្ត្រីណាដែលប្រព្រឹត្តសកម្មភាពត្រឹមត្រូវ និងហ៊ានច្នៃប្រឌិតដើម្បីផលប្រយោជន៍រួមផងដែរ។
ប្រែសម្រួលៈ ណៃ តុលា

To Top