កាណាដា បើកដំណើរការស្ពានព្រំដែនថ្មី ទោះបីជាមានភាពតានតឹង ផ្នែកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក
អូតាវ៉ា៖ ប្រទេសកាណាដា បានបើកដំណើរការស្ពានអន្តរជាតិថ្មីមួយដែលតភ្ជាប់ទីក្រុង Windsor រដ្ឋ Ontario និងទីក្រុង Detroit សហរដ្ឋអាមេរិក ដែលផ្តល់នូវច្រកព្រំដែនដី គោកថ្មីបំផុត និងធំជាងគេជាមួយសហរដ្ឋអាមេរិក ទោះបីជាមានភាពតានតឹង ផ្នែកពាណិជ្ជកម្មកើនឡើង រវាងប្រទេសទាំងពីរក៏ដោយ។
យោងតាមអាជ្ញាធរភាគីទាំងពីរ ស្ពានអន្តរជាតិ Gordie Howe ឥឡូវនេះឈរជាច្រកព្រំដែនដីគោកថ្មីបំផុត ធំបំផុត និងមានបច្ចេកវិទ្យាទំនើបបំផុត ដែលតភ្ជាប់ប្រទេសទាំងពីរ ។ អាជ្ញាធរស្ពាន Windsor-Detroit ដែលជាប្រតិបត្តិករស្ពាន បានឲ្យដឹងថា ថ្លៃសេវាស្តង់ដារ សម្រាប់យានយន្តដឹកអ្នកដំណើរត្រូវបានកំណត់នៅ ៨ ដុល្លារកាណាដា (៥.៧៥ ដុល្លារអាមេរិក) ក្នុងមួយជើង។ ឡានដឹកទំនិញពាណិជ្ជកម្ម យានយន្តធុនធំ និងយានយន្តដឹកអ្នកដំណើរធំ ជាងត្រូវបានគិតថ្លៃតាមអ័ក្សនីមួយៗ ១២ ដុល្លារកាណាដា (៨.៧៥ ដុល្លារអាមេរិក)។
ស្ពានថ្មីនេះផ្តល់នូវការតភ្ជាប់ដ៏សំខាន់មួយរវាងផ្លូវហាយវេលេខ ៤០១ របស់រដ្ឋ Ontario និងផ្លូវអន្តររដ្ឋលេខ ៧៥ របស់រដ្ឋ Michigan។ យោងតាមទីភ្នាក់ងារសេវាកម្មព្រំដែនកាណាដា វាបានធ្វើឱ្យចំនួនសរុបនៃច្រកចូលដីគោករបស់ប្រទេសកាណាដា កើនឡើងដល់ ១១៨។
លើសពីនេះ ផ្លូវពហុប្រយោជន៍របស់ស្ពាននេះនឹងបើកសម្រាប់អ្នកថ្មើរជើង និងអ្នកជិះកង់ចាប់ពីថ្ងៃទី ៥ ខែសីហា។ ដោយលាតសន្ធឹងលើទន្លេ Detroit ផ្លូវដែលមានប្រវែង ២,៥ គីឡូម៉ែត្រ និង ទទឹង ៣,៦ ម៉ែត្រ នឹងផ្ទុកចរាចរណ៍ទ្វេភាគី និងភ្ជាប់ដោយផ្ទាល់ទៅក្នុងបណ្តាញ ផ្លូវក្នុងស្រុកនៅសងខាងនៃព្រំដែន។
ការបើកសម្ពោធនេះកើតឡើងចំពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្មកាន់តែខ្លាំងឡើងរវាងប្រទេសកាណាដា និងសហរដ្ឋអាមេរិក។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្តីប្រកាសប្រតិបត្តិនៅថ្ងៃទី ២០ ខែកក្កដា ដោយដាក់ពន្ធ ៥០ ភាគរយលើការនាំចូលរាប់រយរបស់កាណាដា។ ជាការឆ្លើយតប រដ្ឋាភិបាលកាណាដា បានលុបចោលការអញ្ជើញតំណាងសហរដ្ឋអាមេរិក ឱ្យចូលរួមពិធីកាត់ខ្សែបូររួមគ្នារបស់ស្ពាន ដែលនឹងធ្វើឡើងនៅថ្ងៃសុក្រ៕









