អ៊ីរ៉ង់អូម៉ង់ និងអារ៉ាប៊ីសាអូឌីត អំពាវនាវឲ្យមានកិច្ចខិតខំរួមគ្នា ដើម្បីធានាដល់ច្រកសមុទ្រ Hormuz
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសអ៊ីរ៉ង់ អូម៉ង់ និងអារ៉ាប៊ីសាអូឌីត បានអំពាវនាវឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែង ការទូតរួមគ្នា ដើម្បីធានាសន្តិសុខនៃច្រកសមុទ្រ Hormuz ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បញ្ហានេះត្រូវបានគូសបញ្ជាក់នៅក្នុងការហៅទូរស័ព្ទ ដាច់ដោយឡែកពីគ្នាកាលពីយប់ថ្ងៃចន្ទរវាងរដ្ឋមន្ត្រីការ បរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi និង សមភាគីអូម៉ង់ និងអារ៉ាប៊ីសាអូឌីត Sayyid Badr bin Hamad Al Busaidi និងព្រះអង្គ
ម្ចាស់ Faisal bin Farhan Al Saud ។
សេចក្តីថ្លែងការណ៍បាននិយាយថា រដ្ឋមន្ត្រីទាំងបីបានសង្កត់ធ្ងន់លើតម្រូវការដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងជំរុញកិច្ចខិតខំប្រឹងប្រែងការទូតរួមគ្នា ដើម្បី
ធានាស្ថិរភាពក្នុងតំបន់ និង លុបបំបាត់អសន្តិសុខដែលដាក់នៅលើច្រកសមុទ្រ Hormuz ដែលជាផលវិបាកនៃសកម្មភាពឈ្លានពានរបស់សហរដ្ឋអាមេរិក។
កិច្ចពិភាក្សានេះបានធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់ និងអូម៉ង់បានពិភាក្សាគ្នានៅទីក្រុងតេហរ៉ង់កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ស្តីពីការធ្វើនាវាចរប្រកបដោយសុវត្ថិភាពតាម
រយៈច្រកសមុទ្រ ដោយភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើគោលការណ៍ និងយន្តការសម្រាប់ការគ្រប់គ្រងចរាចរណ៍ដឹកជញ្ជូន ខណៈពេលដែលគោរពសិទ្ធិអធិបតេយ្យភាព
នៃរដ្ឋឆ្នេរសមុទ្រ។
យោធាអាមេរិកបានបើកការវាយប្រហារជាច្រើនលើកប្រឆាំងនឹងអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលទីក្រុងតេហរ៉ង់បានឆ្លើយតបដោយការវាយប្រហារ
ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកលើមូលដ្ឋាន និងកន្លែងរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់៕
ប្រែសម្រួល៖ស៊ុនលី









