អាមេរិក អះអាងថា អ៊ីរ៉ង់ ប៉ុនប៉ងវាយប្រហារ ដោយមីស៊ីលផ្លោងលេីកងកម្លាំងរបស់ខ្លួនជាច្រេីនគ្រាប់នៅមជ្ឈឹមបូព៌ា ប៉ុន្ដែត្រូវស្ទាក់ចាប់បាន
វ៉ាស៊ីនតោន៖ យោធាអាមេរិកបានឧ្យដឹងថា ខ្លួនបានស្ទាក់ចាប់មីស៊ីលផ្លោងជាច្រើនគ្រាប់ ដែលបានបាញ់ចេញពីអ៊ីរ៉ង់ ដែលខ្លួនបានពិពណ៌នាថា ជាការប៉ុនប៉ង “វាយប្រហារដោយចៃដន្យ” ទៅលើកងកម្លាំងអាមេរិក នៅមជ្ឈិមបូព៌ា។
បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានសរសេរនៅលើ Xថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមបានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ពីអ៊ីរ៉ង់ ក្នុងការប៉ុនប៉ងវាយប្រហារដោយចៃដន្យទៅលើកងកម្លាំងអាមេរិក ដែលមានមូលដ្ឋាននៅមជ្ឈិមបូព៌ា”
បញ្ជាការនេះបានឧ្យដឹងថា “មីស៊ីលអ៊ីរ៉ង់ទាំងអស់ត្រូវបានស្ទាក់ចាប់ដោយជោគជ័យ ដោយបន្ថែមថា កងកម្លាំងអាមេរិកនៅតែមានការប្រុងប្រយ័ត្ន និងស្ថិតក្នុងស្ថានភាពត្រៀមខ្លួនកម្រិតខ្ពស់”។
អ៊ីរ៉ង់ បានបាញ់មីស៊ីលផ្លោងមិនលើសពីបួនគ្រាប់ទេ នេះបើយោងតាមរបាយការណ៍របស់ CNN ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ ប៉ុន្ដែមិនមានការអត្ថាធិប្បាយភ្លាមៗពីទីក្រុងតេអេរ៉ង់លើការអះអាងរបស់សហរដ្ឋអាមេរិកនោះទេ។
នៅព្រឹកថ្ងៃអង្គារ CENTCOM បានឧ្យដឹងថា យោធាសហរដ្ឋអាមេរិក បានប្តូរទិសដៅនាវាពាណិជ្ជកម្មចំនួន ១៨ គ្រឿងដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស បានធ្វើឱ្យពីរគ្រឿងពិការ និងពីរគ្រឿងទៀតឡើងលើនាវា ដើម្បីអនុវត្តអ្វីដែលខ្លួនពិពណ៌នាថាជាការបិទផ្លូវកងទ័ពជើងទឹកលើកំពង់ផែអ៊ីរ៉ង់ទាំងអស់។
CENTCOM ក៏បានឧ្យដឹងទៀតថា នៅក្នុងសារដាច់ដោយឡែកមួយថា នាវាចម្បាំងកងទ័ពជើងទឹកអាមេរិកជាង ២០ គ្រឿងកំពុងប្រតិបត្តិការនៅទូទាំងមជ្ឈិមបូព៌ា ដើម្បីគាំទ្រដល់បេសកកម្មយោធារបស់ខ្លួន។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងកាលពីថ្ងៃចន្ទថា លោកបានសម្រេចចិត្តផ្អាកការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ដើម្បីផ្តល់ឱកាសឱ្យការចរចាម្តងទៀត ខណៈពេលដែលព្រមានថា លោកអាចបញ្ជាឱ្យវាយប្រហារបន្ថែមទៀត ប្រសិនបើការចរចាបរាជ័យ៕
ប្រែសម្រួល ឈូក បូរ៉ា









