តម្លៃប្រេងរបស់សហរដ្ឋអាមេរិក កើនឡើង ៥ ភាគរយ បន្ទាប់ពីការវាយប្រហារពីអ៊ីរ៉ង់ លេីកងកម្លាំងអាមេរិក នៅមជ្ឈឹមបូព៌ា
ញូវយ៉ក៖ តម្លៃប្រេងឆៅនាពេលអនាគតរបស់សហរដ្ឋអាមេរិក បានកើនឡើងប្រហែល ៥ ភាគរយនៅយប់ថ្ងៃអង្គារ បន្ទាប់ពីបញ្ជាការកណ្តាល សហរដ្ឋអាមេរិកអះអាងថា អ៊ីរ៉ង់បានបើកការវាយប្រហារដោយមិន បានរំពឹងទុកលើកងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ា។
យោធាអាមេរិកបានឧ្យដឹងថា ខ្លួនបានស្ទាក់ចាប់មីស៊ីលផ្លោងជាច្រើនគ្រាប់ ដែលបានបាញ់ចេញពីអ៊ីរ៉ង់ ដែលខ្លួនបានពិពណ៌នាថា ជាការប៉ុនប៉ង “វាយប្រហារដោយចៃដន្យ” ទៅលើកងកម្លាំងអាមេរិក នៅមជ្ឈិមបូព៌ា។
បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានសរសេរនៅលើ Xថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម បានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ពីអ៊ីរ៉ង់ ក្នុងការប៉ុនប៉ងវាយប្រហារដោយចៃដន្យ ទៅលើកងកម្លាំងអាមេរិក ដែលមានមូលដ្ឋាននៅមជ្ឈិមបូព៌ា”
បញ្ជាការនេះបានឧ្យដឹងថា “មីស៊ីលអ៊ីរ៉ង់ទាំងអស់ ត្រូវបានស្ទាក់ចាប់ដោយជោគជ័យ ដោយបន្ថែមថា កងកម្លាំងអាមេរិកនៅតែមានការប្រុងប្រយ័ត្ន និងស្ថិតក្នុងស្ថានភាពត្រៀមខ្លួនកម្រិតខ្ពស់”។
អ៊ីរ៉ង់ បានបាញ់មីស៊ីលផ្លោងមិនលើសពីបួនគ្រាប់ទេ នេះបើយោងតាមរបាយការណ៍របស់ CNN ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ ប៉ុន្ដែមិនមានការអត្ថាធិប្បាយភ្លាមៗពីទីក្រុងតេអេរ៉ង់លើការអះអាងរបស់សហរដ្ឋអាមេរិកនោះទេ។
នៅព្រឹកថ្ងៃអង្គារ CENTCOM បានឧ្យដឹងថា យោធាសហរដ្ឋអាមេរិក បានប្តូរទិសដៅនាវាពាណិជ្ជកម្មចំនួន ១៨ គ្រឿងដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស បានធ្វើឱ្យពីរគ្រឿងពិការ និងពីរគ្រឿងទៀតឡើងលើនាវា ដើម្បីអនុវត្តអ្វីដែលខ្លួនពិពណ៌នាថាជាការបិទផ្លូវកងទ័ពជើងទឹកលើកំពង់ផែអ៊ីរ៉ង់ទាំងអស់។
CENTCOM ក៏បានឧ្យដឹងទៀតថា នៅក្នុងសារដាច់ដោយឡែកមួយថា នាវាចម្បាំងកងទ័ពជើងទឹកអាមេរិកជាង ២០ គ្រឿងកំពុងប្រតិបត្តិការនៅទូទាំងមជ្ឈិមបូព៌ា ដើម្បីគាំទ្រដល់បេសកកម្មយោធារបស់ខ្លួន។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹង កាលពីថ្ងៃចន្ទថា លោកបានសម្រេចចិត្តផ្អាកការវាយ ប្រហារ របស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ដើម្បីផ្តល់ឱកាសឱ្យការចរចាម្តងទៀត ខណៈពេលដែលព្រមានថា លោកអាចបញ្ជាឱ្យវាយប្រហារបន្ថែមទៀត ប្រសិនបើការចរចាបរាជ័យ៕









