ព័ត៌មានអន្តរជាតិ

ប្រព័ន្ធការពារដែនអាកាស Patriot អាចនឹងត្រូវបានផលិត នៅអ៊ុយក្រែន​ នាពេលខាងមុខ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ​ ហ្សេឡិនស្គី​ បានឧ្យដឹងថា លោក និងប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បានពិភាក្សាអំពីការផលិតប្រព័ន្ធការពារដែនអាកាស Patriot ដែលរចនាដោយសហរដ្ឋអាមេរិក​ នៅអ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត​ ដើម្បីបញ្ចប់ជម្លោះ អ៊ុយក្រែន-រុស្ស៊ី ក្នុងអំឡុងពេលនៃកិច្ចប្រជុំ របស់មេដឹកនាំទាំងពីរនៅសេតវិមាន។

លោក ហ្សេឡិនស្គី បានសរសេរនៅក្នុងសារមួយនៅលើ X បន្ទាប់ពីចាកចេញពីសេតវិមានថា “លោកប្រធានាធិបតី និងខ្ញុំបានពិភាក្សាអំពីអាជ្ញាប័ណ្ណ​ សម្រាប់ការផលិតឧបករណ៍ស្ទាក់ចាប់ Patriot និងគំនិតជាច្រើនទៀត​ ដែលអាចជួយបាន” ដោយពណ៌នាអំពីកិច្ចប្រជុំនេះថា “ល្អ” និងថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក​ ចំពោះ “ការគាំទ្រយ៉ាងរឹងមាំ” របស់ខ្លួន។

លោកបានបន្ថែមថា “យើងក៏បាននិយាយ អំពីការទូតផងដែរ – វាជារឿងសំខាន់ដែលដំណើរ ការការទូតត្រូវបានពង្រឹងឡើងវិញ”។

ការចរចាសន្តិភាព​ ដែលសម្របសម្រួល ដោយសហរដ្ឋអាមេរិក ដែលមានគោលបំណងបញ្ចប់ជម្លោះអ៊ុយក្រែន-រុស្ស៊ី បានជាប់គាំងអស់រយៈពេលជាច្រើនខែ។

សេតវិមានបានរៀបចំកិច្ចប្រជុំរបស់លោក ត្រាំ ជាមួយលោក ហ្សេឡិនស្គី នៅពីក្រោយទ្វារបិទជិត ដោយគ្មានការចូលមើលប្រព័ន្ធផ្សព្វផ្សាយឡើយ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន​ ណេតាន់យ៉ាហ៊ូ​ បានមកដល់សេតវិមាននៅល្ងាចថ្ងៃអង្គារ មិនយូរប៉ុន្មានបន្ទាប់ពីការចាកចេញរបស់លោក ហ្សឹឡិនស្គី។ កិច្ចប្រជុំរបស់លោក ណេតាន់យ៉ាហ៊ូ ជាមួយលោក ត្រាំ ក៏ត្រូវបានបិទមិនឱ្យ សារព័ត៌មានចូលរួមផងដែរ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top