កងកម្លាំងយោធាអ៊ីរ៉ង់ អះអាងថា បានវាយប្រហារចំទីតាំងគោលដៅ មួយចំនួន របស់អាមេរិកនៅមូលដ្ឋាន ទ័ព ក្នុងប្រទេសបារ៉ែនបន្ថែមទៀត
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កងទ័ពអ៊ីរ៉ង់បាននិយាយថា ខ្លួនបានបើកការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកកាលពីថ្ងៃព្រហស្បតិ៍ ប្រឆាំងនឹងទីតាំង និង ទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកនៅឯមូលដ្ឋាន ទ័ពអាកាស Sheikh Isa នៅភាគខាងត្បូងប្រទេសបារ៉ែន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន កងទ័ពបាននិយាយថា ការវាយប្រហារបានផ្តោតលើម៉ាស៊ីនភ្លើង ប្រព័ន្ធរុករក និងការិយាល័យ និងអគារបម្រុងទុករបស់យោធាសហរដ្ឋអាមេរិក។
នៅព្រឹកថ្ងៃដដែល កងឆ្មាំបដិវត្តន៍អ៊ីស្លាម របស់អ៊ីរ៉ង់បាននិយាយថា ខ្លួនបានបើកការវាយប្រហារប្រឆាំង នឹងទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកនៅឯមូលដ្ឋានទ័ពអាកាស Ali Al Salem ក្នុងប្រទេសគុយវ៉ែត និងមូលដ្ឋានទ័ពអាកាស Al-Azraq ក្នុងប្រទេសហ្ស៊កដានី ដើម្បីជាការឆ្លើយតប ទៅនឹងការវាយប្រហារថ្មីៗ របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់កាលពីយប់ថ្ងៃពុធ។
គួរឲ្យដឹងដែរថាការប៉ះទង្គិចចុងក្រោយនេះបានកើតឡើងបន្ទាប់ពីការផ្អាកជាច្រើនថ្ងៃនៅក្នុងអរិភាពជម្លោះយោធារវាងគ្នាសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់៕
ប្រែសម្រួល៖ស៊ុនលី









