មេដឹកនាំក្រុមហ៊ូទី ព្រមានពីការផ្ទុះជម្លោះ កាន់តែធំក្រោយពេលក្រុង Riyadh បង្កើតសម្ព័ន្ធភាព សម្រាប់ការពារដែនសមុទ្រ
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួ នៅថ្ងៃនេះបានឲ្យដឹងថា មេដឹកនាំក្រុមហ៊ូទី Houthi របស់យេមែនលោក Abdul-Malik al-Houthi កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានអំពី ការកើនឡើងកំដៅកាន់តែខ្លាំង ប្រសិនបើអារ៉ាប៊ីសាអូឌីត បង្កើនប្រតិបត្តិការយោធារបស់ខ្លួន។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ ដែលចាក់ផ្សាយដោយទូរទស្សន៍ Al-Masirah របស់ក្រុម al-Houthi ក៏បានអះអាងផងដែរថា យុទ្ធនាការដែនសមុទ្រ របស់ក្រុមប្រឆាំងនឹងការដឹកជញ្ជូន ដែលភ្ជាប់ជាមួយអារ៉ាប៊ីសាអូឌីត បានផ្តល់លទ្ធផលវិជ្ជមានដោយកំណត់ គោលដៅលើនាវាដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីត រំខានដល់ចលនារបស់ពួកគេ បង្ខំឱ្យនាវា១៦ត្រឡប់ថយក្រោយ និង កាត់បន្ថយការ ឈ្លបយកការណ៍របស់យន្តហោះ គ្មានមនុស្សបើក ។ យ៉ាងណាក្តីមេដឹកនាំរូបនេះមិនបានផ្តល់ភស្តុតាងដើម្បីគាំទ្រការអះអាងនេះទេ។
ការកត់សម្គាល់របស់លោក Al-Houthi បានកើតឡើង នៅពេលដែលប្រទេស អារ៉ាប៊ីសាអូឌីត បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ការបង្កើតសម្ព័ន្ធភាពការពារដែន សមុទ្រពហុជាតិ ដែលខ្លួនបាននិយាយថា មានគោលបំណងការពារផ្លូវដឹកជញ្ជូនក្នុងសមុទ្រក្រហម ច្រកសមុទ្រ Bab al-Mandab និងឈូងសមុទ្រ Aden ។
យោងតាមទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត ប្រទេសចំនួន១៤បានចេញសេចក្តីប្រកាសរួមដែលគាំទ្រសម្ព័ន្ធភាពនេះ រួមមានអារ៉ាប៊ីសាអូឌីត គុយវ៉ែត បារ៉ែន កាតា ប៉ាគីស្ថាន តួគី អេហ្ស៊ីប ហ្ស៊កដានី យេម៉ែន បង់ក្លាដែស នីហ្សេរីយ៉ា ស៊ូដង់ ជីប៊ូទី និងសូម៉ាលីផងដែរ៕
ប្រែសម្រួល៖ស៊ុនលី









