សាកសពជនរងគ្រោះ ក្នុងករណីលិចកប៉ាល់ នៅវៀតណាម ត្រូវបានរកឃើញ
ហាណូយ៖ អាជ្ញាធរវៀតណាម បានរកឃើញសាកសពជនរងគ្រោះម្នាក់ពីកប៉ាល់ Khoi Nguyen 18 ដែលលិចនៅក្នុងសមុទ្រចិនខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Thanh Nien ដោយដកស្រង់សម្តីលោក Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម។
លោក Hang បានឧ្យដឹងថា សមាជិកនាវិកវៀតណាមចំនួន ៤៨នាក់ត្រូវបាននាំយកមកច្រាំងដោយសុវត្ថិភាព និងបានជួបជុំជាមួយក្រុមគ្រួសាររបស់ពួកគេនៅថ្ងៃពុធ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដែលសម្របសម្រួលដោយអាជ្ញាធរវៀតណាម និងចិន។
លោកបានបន្ថែមថា ក្រុមស្វែងរក និងជួយសង្គ្រោះកំពុងធ្វើការដើម្បីស្វែងរកសមាជិកនាវិកដែលនៅសល់។ លោកបានថ្លែងអំណរគុណដល់ប្រទេសចិន និងហ្វីលីពីនចំពោះការគាំទ្រយ៉ាងសកម្មរបស់ពួកគេក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។
គួរបញ្ជាក់ថា កប៉ាល់ Khoi Nguyen 18 ដែលជាកប៉ាល់ដែលមានទង់ជាតិវៀតណាម កំពុងដឹកមនុស្សចំនួន ៦២នាក់ នៅពេលដែលវាបានលិច ខណៈពេលកំពុងប្រតិបត្តិការក្នុងស្ថានភាពអាកាសធាតុមិនល្អនៅក្នុងដែនទឹកក្បែរថ្មប៉ប្រះទឹក Yongshu នៃកោះ Nansha ក្នុងសមុទ្រចិនខាងត្បូង៕
ប្រែសម្រួល ឈូក បូរ៉ា









