ព័ត៌មានអន្តរជាតិ

ក្រុងហាណូយ របស់វៀតណាម ទទួលបានភ្ញៀវទេសចរជាង ២១ លាននាក់ក្នុងរយៈពេល៧ខែដំបូង ឆ្នាំ២០២៦

បរទេស៖ នាយកដ្ឋានទេសចរណ៍ ក្រុងហាណូយបានឲ្យដឹងថា ទីក្រុងហាណូយ ប្រទេសវៀតណាម ទទួលបានភ្ញៀវទេសចរជាង ២១,១៦លាននាក់ ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៦ កើនឡើង ១៥ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ថា ក្នុងខែកក្កដាតែមួយ ទីក្រុងនេះបានកំណត់ត្រាភ្ញៀវទេសចរប្រមាណ ៣,១៦លាននាក់ កើនឡើង ១១,៣ភាគរយធៀបនឹងឆ្នាំមុន។ តួលេខនេះរួមមាន ភ្ញៀវអន្តរជាតិប្រមាណ ៦៦៦.៦៧០នាក់ កើនឡើង ១៣,១ភាគរយ និងភ្ញៀវទេសចរក្នុងស្រុក ២,៥លាននាក់ កើនឡើង ១០,៩ភាគរយ។

ចំណូលពីវិស័យទេសចរណ៍ក្នុងខែកក្កដាត្រូវបានប៉ាន់ស្មានថា មានចំនួន ១២,៣ទ្រីលានដុង (ស្មើនឹង ៤៦៧,៤លានដុល្លារអាមេរិក) កើនឡើង ១១,៨ភាគរយបើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។

ចន្លោះខែមករាដល់ខែកក្កដា ទីក្រុងហាណូយទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៣១លាននាក់ កើនឡើង ២៥ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈដែលចំនួនភ្ញៀវទេសចរក្នុងស្រុកបានឈានដល់ ១៥,៨៥លាននាក់ កើនឡើង ១១,៩ភាគរយ។

ប្រាក់ចំណូលសរុបពីវិស័យទេសចរណ៍ ក្នុងអំឡុងពេលប្រាំពីរខែនេះ មានចំនួនប្រហែល ៨៦,៤៧ទ្រីលានដុង ដែលតំណាងឱ្យការកើនឡើង ១៧,៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងបានបង្ហាញពីភាពទាក់ទាញ កាន់តែខ្លាំងឡើងរបស់រដ្ឋធានី ក៏ដូចជាការងើបឡើងវិញជាបន្តបន្ទាប់នៃវិស័យនេះផងដែរ។
ប្រែសម្រួលៈ ណៃ តុលា

To Top