ព័ត៌មានអន្តរជាតិ

​ បញ្ហាប្រឈម ចំពោះសន្តិភាព នៅតំបន់ហ្គាហ្សា​ នៅតែបន្តកើតមាន ទោះបីជាក្រុមហាម៉ាស់​ ទទួលយកផែនទីបង្ហាញផ្លូវ ស្តីពីបទឈប់បាញ់ដំណាក់កាលទី២

ហ្គាហ្សា៖ ក្រុមហាម៉ាស់​ បានអនុម័តសេចក្តីព្រាងចុងក្រោយ នៃផែនទីបង្ហាញផ្លូវ​ ដើម្បីបញ្ចប់ការអនុវត្តដំណាក់កាលទីពីរ នៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការចរចា បន្ទាប់ពីជម្លោះជាងពីរឆ្នាំកន្លះនៅក្នុងតំបន់នោះ។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគបានព្រមានថា ភាពជោគជ័យនៃកិច្ចព្រមព្រៀងនេះនៅទីបំផុតអាស្រ័យលើការអនុវត្តរបស់វា ហើយបញ្ហាប្រឈម​ ចំពោះសន្តិភាពនៅក្នុងតំបន់នេះនៅតែលេចឡើង ខណៈដែលភាពខុសគ្នាសំខាន់ៗរវាងអ៊ីស្រាអែល និងហាម៉ាស់​ នៅតែមានលើបញ្ហាសំខាន់ៗ រួមទាំងអាវុធ ការដកទ័ពរបស់អ៊ីស្រាអែល និងការគ្រប់គ្រងនាពេលអនាគតរបស់ហ្គាហ្សា។

សេចក្តីព្រាងនៃដំណាក់កាលទីពីរ ដែលចេញផ្សាយដោយសារព័ត៌មានប៉ាឡេស្ទីន បានគូសបញ្ជាក់ពីការរៀបចំនយោបាយ សន្តិសុខ និងរដ្ឋបាល រួមទាំងការផ្ទេរការគ្រប់គ្រងតំបន់ហ្គាហ្សាទៅគណៈកម្មាធិការជាតិប៉ាឡេស្ទីន ការរៀបចំរចនាសម្ព័ន្ធស្ថាប័នស៊ីវិល និងសន្តិសុខឡើងវិញ ការអនុវត្តការដកទ័ពរបស់អ៊ីស្រាអែលជាដំណាក់កាល និងការចាប់ផ្តើមកម្មវិធីកសាងឡើងវិញក្រោមការត្រួតពិនិត្យរបស់ប៉ាឡេស្ទីន និងអន្តរជាតិ។

ក្រុមហាម៉ាស់​ បានឧ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួនបានទទួលយកផែនទីបង្ហាញផ្លូវរបស់អ្នកសម្របសម្រួល ដើម្បីបញ្ចប់ការអនុវត្តដំណាក់កាលទីពីរ ដោយពណ៌នាអំពីការសម្រេចចិត្តនេះថាជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះផលប្រយោជន៍របស់ប្រជាជនប៉ាឡេស្ទីន។

កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឧ្យដឹងថា អ្វីដែលហៅថា “ក្រុមប្រឹក្សាសន្តិភាព” បានឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ “ការរំសាយអាវុធទាំងស្រុង” របស់ក្រុមហាម៉ាស់​ និងក្រុមប្រដាប់អាវុធដទៃទៀតនៅក្នុងតំបន់ហ្គាហ្សា។

នៅក្នុងសេចក្តីថ្លែងការណ៍ក្រោយមក ក្រុមហាម៉ាស់​ បានកត់សម្គាល់ថា វឌ្ឍនភាពក្នុងការអនុវត្តដំណាក់កាលទីពីរ នៅតែមានលក្ខខណ្ឌលើការបញ្ចប់ប្រតិបត្តិការយោធាអ៊ីស្រាអែល និងការបំពេញកាតព្វកិច្ចក្រោមដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀង៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top