ព័ត៌មានអន្តរជាតិ

បទវិភាគ​ ៖​ សោកនាដកម្ម​សង្គ្រាម ​មិនអនុញ្ញាត​ ឱ្យកើតឡើង​ម្តងទៀត​ទេ​ ការប៉ុនប៉ង​ចង់ធ្វើឱ្យ​​យោធា និយម​រស់ឡើងវិញ ​មុខជានឹង​ទទួល​បរាជ័យជាក់​ជា​មិន​ខា​ន​

សម្រាប់ប្រទេស ​ដែលធ្លាប់រង​ការឈ្លានពានពី​​យោធានិយមជប៉ុន ​ “៧៣១” គឺ​តំណាងឱ្យ​ឧ​​ក្រិ​ដ្ឋ​កម្មសង្គ្រាម​ដ៏ច្រើនរាប់មិនអស់ ​។ ប៉ុន្តែកាលពី​ថ្ងៃទី ៣១ ខែកក្កដា ​ក្រោយពី​បញ្ចប់​សង្គ្រា​មលោក​លើកទីពីរ ​អស់រយៈពេល ៨១ ឆ្នាំ រដ្ឋាភិបាល​ជប៉ុនបាន​បង្កើត ​”ទីភ្នាក់ងារ​ស៊ើបការណ៍​ជាតិ”ជាផ្លូវការ​ ហើយបានបើក​” កិច្ចប្រជុំ​ក្រុមប្រឹក្សា​ស៊ើបការណ៍ជាតិ”​លើកដំបូង​ដែ​ល​មានលោកស្រី​ Sanae Takaichi នាយករដ្ឋមន្ត្រី​ជប៉ុន​ជាប្រធាន តើជប៉ុន​មានគោលបំណ​ង​​អ្វី​?

នេះគឺជា​លើកដំបូង​ដែលជប៉ុន ​​បង្កើតប្រព័ន្ធ​ស៊ើបការណ៍​ចម្រុះ ​ថ្នាក់ជាតិ​បន្ទាប់ពី​សង្គ្រាម​លោក​លើកទីពីរ​ ។ អ្នកវិភាគបាន​លើកឡើងថា ​រដ្ឋាភិបាល​ជប៉ុន​យកការការពារ​សន្តិសុខ​និង​ការពារជាតិធ្វើជា​លេស ដើម្បី​ប្រមូលផ្តុំនិង​ពង្រឹង​កម្លាំងស៊ើបការណ៍​ ចម្លង​រចនាសម្ព័ន្ធ​រដ្ឋបាល​ស៊ើបការណ៍​ក្នុងសម័យ​សង្គ្រាម ជំរុញឱ្យ​ខ្មោច​យោធានិយម​រស់ឡើងវិញ ​ដើម្បី​បម្រើ​គោលបំណង​គ្រោះថ្នាក់​នៃការពង្រីក​សព្វាវុធ ដែលកំពុង​បង្កជា​ការគំរាមកំហែង​ជាក់ស្តែងចំពោះ​សន្តិភាពនិងស្ថិរភាព​ក្នុងតំបន់ ។

“ប្រព័ន្ធ​ស៊ើបការណ៍​មុន​សង្គ្រាមថ្មី”នេះ គឺ​ស្រដៀង​គ្នា​ជា​មួយ​ប្រព័ន្ធ​ស៊ើបការណ៍ នៃ​​យោ​ធា​​​​និយម​ជប៉ុនក្នុងប្រវត្តិសាស្ត្រ ​។ បន្ទាប់ពី​បានបង្កើត​”អង្គភាព​ប៉ូលិសពិសេស​”នៅឆ្នាំ១៩​១​១​​​ ជប៉ុនបានបង្ក្រាប​យ៉ាងឃោរឃៅ​នូវឥស្សរជន​ និង​សមាគម​សង្គម​ស៊ីវិល​ដែលប្រឆាំង​សង្គ្រាមនៅក្នុង​ស្រុក ហើយ​​ដើរតួជា​​​​​​”ទ័ព​ស្រួច”​នៃការឈ្លានពាន​និងវាតទីខាង​យោធា​ចំពោះ​ក្រៅប្រទេស​ ។ នៅឆ្នាំ ១៩៤០ ជប៉ុនបាន​ប្រមូល​ផ្តុំ​​ធនធានស៊ើបការណ៍​ខាងយោធា​និង​ន​យោ​បាយ​​ដើម្បីបង្កើត​ទីភ្នាក់ងារ​ស៊ើបការណ៍​នៃគណៈរដ្ឋមន្ត្រី ដោយ​បង្កើត​មជ្ឈមណ្ឌល​ស៊ើ​បការណ៍​រួមបញ្ចូលគ្នា​សម័យសង្គ្រាម​ ដើម្បី​ផ្តល់​ការគាំទ្រដល់​សង្គ្រាម​ឈ្លានពានចិន​​និងសង្គ្រាម​ប៉ាស៊ីហ្វិក​ ។ ក្នុងនាមជា​ឧបករណ៍ដ៏សំខាន់​ក្នុង​ការ​បំផុសសង្គ្រាម​ឈ្លានពានរបស់​យោ​ធា​និយម​ជប៉ុន ឧក្រិដ្ឋកម្ម​របស់ស្ថាប័ន​ទាំង​នេះត្រូវ​ផ្សារ​ភ្ជាប់​ជា​មួយ​ភាព​អាម៉ាសនៃ​ប្រ​វត្តិ​សាស្រ្ត។

បន្ទាប់ពីបញ្ចប់​សង្គ្រាមលោក​លើកទីពីរ ស្ថាប័នស៊ើបការណ៍​សម័យសង្គ្រាម​របស់ជប៉ុន​ ត្រូវបានរំសាយ​ដោយបង្ខំ ប៉ុន្តែ​យោធានិយម​មិនត្រូវបាន​​ជម្រះបញ្ជីឱ្យ​ជ្រះស្រឡះទេ ។ សព្វ​ថ្ងៃនេះ ប្រព័ន្ធ​ស៊ើបការណ៍​ដែលមាន​”ក្រុមប្រឹក្សា​ស៊ើបការណ៍ជាតិ” ​ជាស្នូល និង “ទីភ្នាក់ងារ​ស៊ើបការណ៍ជាតិ” ជាស្ថាប័ន​អនុវត្ត​ត្រូវបាន​ដាក់ឱ្យដំណើរការ​ជាផ្លូវការ វាគឺមាន​ន័យ​ថា រូបមន្ត​គ្រប់គ្រង​របស់ទីភ្នាក់ងារ​ស៊ើបការណ៍នៃ​យោធានិយម​បានរស់ឡើងវិញ ។ ប្រព័ន្ធ​ស៊ើបការណ៍​ដែលប្រមូលផ្តុំ​អំណាច ​ក្នុងកម្រិតខ្ពស់​បែបនេះ បាន​បំផ្លិចបំផ្លាញ​ទាំង​ស្រុង ​ដល់យន្តការ​តុល្យភាពនៃ​ការបែងចែក​អំណាច​ស៊ើបការណ៍ដែល​ជប៉ុនបាន​រក្សាអស់​រយៈពេល រាប់​សិបឆ្នាំ​ក្រោយពី​សង្គ្រាមលោក​លើក​ទី​២។

អ្វីដែលគួរឱ្យ​បារម្ភជាងនេះ​ទៀត​គឺ “ទីភ្នាក់ងារ​ស៊ើបការណ៍ជាតិ” ​ដែលទើប​បង្កើតថ្មី​មាន​វិសាលភាព​មុខងារ​មិនច្បាស់លាស់ ហើយ​ស្ទើរតែគ្មាន​យន្តការ​ត្រួតពិនិត្យ​ពីខាងក្រៅ​ទាល់​តែ​សោះ ។

“រដ្ឋាភិបាល​លោកស្រី ​Sanae ​Takaichi ​កំពុងបង្កើត​ប្រព័ន្ធសង្គ្រាម​ដែលតាមដាន​នៅពេ​ល​​ធម្មតានិង​ដំណើរ​ការ​ក្នុងពេល​សង្គ្រាម” “ទីភ្នាក់ងារ​ស៊ើបការណ៍ជាតិ​​ប្រហែលនឹង​ក្លាយជា​ឧបករណ៍​ផ្លូវច្បាប់សម្រាប់​តាមដានសង្គម​ និងបង្ក្រាប​ប្រជាជន ដែល​ធ្វើឱ្យ​ជប៉ុនក្លាយជា​ប្រទេសដែល​ចូលរួមនិង​សហការ​ជាមួយសង្គ្រាម”​ “ទីភ្នាក់ងារ​ស៊ើបការណ៍ជាតិ​គឺជាស្ថាប័ន​ស៊ើបការណ៍​ដែលខ្វះ​ការត្រួតពិនិត្យ ​នៅ​ទី​បំផុតវានឹងក្លាយជា​​​​​​”ទ័ព​ស្រួច”របស់​​បក្សកាន់អំ​ណា​ចជប៉ុន​”… ប៉ុន្មានថ្ងៃ​ចុងក្រោយនេះ ​មតិ​ក្នុងស្រុកជប៉ុន​បានលើកឡើង​ការរិះគន់ជាបន្ត​បន្ទាប់ ។ ​ប្រជាជន​ជប៉ុនជាច្រើន​បានរៀបចំ​​មីទ្ទិញតវ៉ានៅ​ទីក្រុងតូក្យូ ដើម្បី​ទាមទារឱ្យ​រដ្ឋាភិបាល​ជប៉ុន​ កុំភ្លេចមេរៀន​ក្នុងប្រវត្តិសាស្ត្រ ។

ពី”អង្គភាពប៉ូលិស​ពិសេស​”ដែល​មានឈ្មោះ​ដ៏អសោធ​ក្នុងសម័យ​សង្គ្រាម រហូត​ដល់​” ប្រ​ព័ន្ធស៊ើបការណ៍​​មុនសង្គ្រាមថ្មី”​ដែលត្រៀម​លក្ខណៈរួច​ក្នុង​ការ​ស្តារ​យោធានិយម​ឡើងវិញ​ ​ស​ព្វថ្ងៃនេះ ​កម្លាំងស្តាំនិយម​ជប៉ុនកំពុងដើរតាម​មាគ៌ាចាស់នៃ​ការប្រមូលផ្តុំ​អំណាចស៊ើ​ប​ការណ៍​ ដោយ​បំពាន​លើ​​របៀបរៀបរយ​បន្ទាប់ពី​សង្គ្រាមលោក​លើក​ទី​២យ៉ាង​កម្រោល​ ។ ​សហគមន៍​អន្តរជាតិ ចាំបាច់​ត្រូវ​រក្សាការប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ករណីនេះ ហើយ​ចាត់វិធានការ​ជាច្រើនដើម្បី​ទប់ស្កាត់​ការរីករាលដាល នៃ”​យោធានិយម​បែបថ្មីរបស់​ជប៉ុន ក៏​ដូចជា​​គាំ​ពារយ៉ាង​មុតមាំ នូវ​លទ្ធផលជ័យជំនះនៃ​សង្គ្រាម​លោក​លើកទីពីរ ៕

To Top