ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំថា សហរដ្ឋអាមេរិក មិនទាន់បានយល់ព្រមឱ្យ អ៊ុយក្រែនផលិតមីស៊ីល Patriot នៅឡើយទេ

បេទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកមិនទាន់បានយល់ព្រមឱ្យអ៊ុយក្រែនផលិតមីស៊ីល Patriot នៅឡើយទេ ប៉ុន្តែការចរចាកំពុងដំណើរការ ដោយបន្ថែមថា សហរដ្ឋអាមេរិកត្រូវតែ «ប្រុងប្រយ័ត្នខ្ពស់ ក្នុងការអនុញ្ញាតឱ្យនរណាម្នាក់ ផលិតប្រព័ន្ធមីស៊ីលនេះ»។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ថា លោក ត្រាំ បាននិយាយក្នុងអំឡុង ពេលជួបជាមួយប្រធានាធិបតី អ៊ុយក្រែនលោក ហ្សេលេនស្គី នៅប្រទេសតួកគីក្នុងខែនេះថា លោកនឹងផ្តល់អាជ្ញាប័ណ្ណដល់អ៊ុយក្រែនដើម្បីផលិតឧបករណ៍ស្ទាក់ចាប់មីស៊ីល Patriot ដើម្បីជួយការពារប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី ប៉ុន្តែចាប់តាំងពីពេលនោះមក លោកបានដកថយពីការសន្យានោះ ទោះបីជាបានទទួលលោក ហ្សេលេនស្គី នៅឯសេតវិមានក្នុងសប្តាហ៍នេះក៏ដោយ។

នៅពេលសួរអំពីមីស៊ីល Patriot ក្នុងអំឡុងពេលកិច្ច ប្រជុំគណៈរដ្ឋមន្ត្រីនៅឯជំរំ Camp David កាលពីថ្ងៃសុក្រ លោក ត្រាំ បានសង្កត់ធ្ងន់ លើការព្រួយបារម្ភអំពីការចែករំលែកអាវុធទំនើបៗរបស់សហរដ្ឋអាមេរិក រួមទាំងបច្ចេកវិទ្យាមីស៊ីលផងដែរ។

លោក ត្រាំ បាននិយាយថា «វាជាជំហានដ៏ធំមួយ»។

ខណៈដែលរុស្ស៊ីបានបង្កើនការវាយប្រហារ តាមអាកាសរបស់ខ្លួន អ៊ុយក្រែនមានការផ្គត់ផ្គង់មីស៊ីល Patriots ចំនួនតិចជាប់រហូត ដែលនៅតែជាអាវុធតែមួយគត់នៅក្នុងឃ្លាំង អាវុធរបស់ខ្លួនដែលមានសមត្ថភាពបាញ់ទម្លាក់មីស៊ីលផ្លោង។

អ៊ុយក្រែនបានស្វែងរកកិច្ចព្រមព្រៀងសហការផលិតមីស៊ីល Patriot PAC-3 ជាយូរមកហើយ ដើម្បីស្ទាក់ចាប់មីស៊ីលផ្លោង ដោយមានគោលបំណងផលិតវានៅក្នុងស្រុក។
ប្រែសម្រួលៈ ណៃ តុលា

To Top