ទីក្រុងប៉េកាំង ព្រមានធ្វើសកម្មភាព ដើម្បីការពារសិទ្ធិរបស់ក្រុមហ៊ុនចិន និងថាសកម្មភាពរបស់អាមេរិក គឺរំខានដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល
បរទេស៖ ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា ការបន្ថែមក្រុមហ៊ុនចិនទៅក្នុងបញ្ជីអង្គភាពដែលសហរដ្ឋអាមេរិកចោទប្រកាន់ថា បានប្រើប្រាស់កម្លាំងពលកម្ម ដោយបង្ខំនោះ គឺគ្មានមូលដ្ឋានជាក់ស្តែងនោះទេ ដោយនិយាយថា សកម្មភាពរបស់សហរដ្ឋអាមេរិក គឺរំខានដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ថា ក្រសួងពាណិជ្ជកម្មរបស់ចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកបានប្រើប្រាស់ច្បាប់ក្នុងស្រុករបស់ខ្លួន ដើម្បីដាក់ទណ្ឌកម្មឯកតោភាគីលើក្រុមហ៊ុនចិន ដែលជាទង្វើបង្ខិតបង្ខំសេដ្ឋកិច្ចយ៉ាងច្បាស់លាស់ ដែលបានប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន។
ប្រទេសចិនប្រឆាំងនឹងកម្លាំងពលកម្មដោយបង្ខំ ហើយនិយាយថា តំបន់ស៊ីនជាំង ជាកន្លែងដែលសហរដ្ឋអាមេរិកនិយាយថា ការរំលោភសិទ្ធិមនុស្សដែលត្រូវបានចោទប្រកាន់បានកើតឡើង គឺតំបន់នោះមានស្ថិរភាព វិបុលភាព និងគ្មាន «កម្លាំងពលកម្មដោយបង្ខំ» ណាមួយឡើយ។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ ប្រទេសចិនបានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ «ការវាយប្រហារ និងការបង្ខូចកេរ្តិ៍ឈ្មោះ» ស៊ីនជាំងលើបញ្ហានេះ និងបញ្ចប់សម្ពាធអយុត្តិធម៌លើក្រុមហ៊ុនចិន ដោយព្រមានថា ទីក្រុងប៉េកាំងនឹងធ្វើសកម្មភាពដើម្បីការពារសិទ្ធិរបស់ក្រុមហ៊ុន។
ប្រែសម្រួលៈ ណៃ តុលា
