រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និយាយថា កំពុងពិភាក្សាជាមួយនឹងអូម៉ង់ ក្នុងដំណាក់កាលចុងក្រោយ សម្រាប់កិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បាននិយាយកាលពីថ្ងៃអាទិត្យថា ការចរចារវាងអ៊ីរ៉ង់ និងអូម៉ង់ នៅលើច្រកសមុទ្រ Hormuz គឺស្ថិតក្នុងដំណាក់កាលចុងក្រោយរបស់ពួកគេ។
លោក Araghchi បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ការចរចាបានទទួលការរីកចម្រើន និងកំពុងស្ថិតនៅលើផ្លូវនៃការបញ្ចប់ទៅ។
ដោយបានរៀបរាប់លម្អិតអំពីកិច្ចចរចារវាងអ៊ីរ៉ង់ និងអូម៉ង់ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋកាលពីថ្ងៃអាទិត្យ
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei បានសង្កត់ធ្ងន់ថាការឈានដល់កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរមិនទាក់ទង
នឹងការបើកផ្លូវទឹកឡើងវិញ ឬការបន្តបិទនោះទេ។
លោក Baghaei បាននិយាយថា អ៊ីរ៉ង់ និងអូម៉ង់កំពុងធ្វើការដើម្បីកំណត់ ផ្លូវថ្មី នៅក្នុងច្រកសមុទ្រក្នុងទម្រង់គ្រោងការណ៍បំបែកចរាចរណ៍ដែល
អាចធានាបាននូវសិទ្ធិអធិបតេយ្យភាពរបស់ភាគីទាំងពីរ ក៏ដូចជាផលប្រយោជន៍ជាតិ និងសន្តិសុខរបស់ប្រទេសអ៊ីរ៉ង់។
គួរឲ្យដឹងដែរថា ទីក្រុងតេហរ៉ង់ បានរឹតបន្តឹងការក្តាប់របស់ខ្លួន នៅលើច្រកសមុទ្រ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហាររួមគ្នា ប្រឆាំងនឹងអ៊ីរ៉ង់កាលពីថ្ងៃទី២៨ខែកុម្ភៈ៕
ប្រែសម្រួល៖ស៊ុនលី
