ព័ត៌មានអន្តរជាតិ

ក្រុមប្រទេស OPEC+ បន្តធ្វើការបង្កើនផលិតកម្មប្រេង បន្ថែមទៅដល់១៨៨០០០បារ៉ែល ក្នុងមួយថ្ងៃចាប់ពីខែកញ្ញា

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសចំនួនប្រាំពីរ នៃក្រុមប្រទេស OPEC + បានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យដើម្បីដំឡើងកម្រិតផលិតកម្មប្រេង នៅក្នុងខែកញ្ញាដោយ ១៨៨០០០ ធុង ក្នុងមួយថ្ងៃ (bpd) ពីកម្រិតខែសីហា។

ការសម្រេចចិត្តនេះត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំ ដែលចូលរួមដោយអារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី
និងអូម៉ង់ ដែលបានពិនិត្យស្ថានភាព និងទស្សនវិស័យទីផ្សារពិភពលោក។

ប្រទេស OPEC+ មានសមាជិកនៃអង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន។

សេចក្តីថ្លែងការណ៍បាននិយាយថា នៅក្នុងការប្តេជ្ញាចិត្តរួមរបស់ពួកគេក្នុងការជួយដល់ស្ថិរភាពទីផ្សារប្រេង ប្រទេសដែលចូលរួមទាំង៧
បានសម្រេចចិត្តអនុវត្តការបង្កើនផលិតកម្មពីការកាត់បន្ថយស្ម័គ្រចិត្តដែលបានប្រកាសនៅក្នុងខែមេសា ឆ្នាំ ២០២៣។

ការកាត់បន្ថយផលិតកម្មស្ម័គ្រចិត្តចំនួន១,៦៥លានធុងក្នុងមួយថ្ងៃត្រូវបានប្រកាសជាលើកដំបូងនៅក្នុងខែមេសា ឆ្នាំ២០២៣ ហើយ
ក្រោយមកត្រូវបានពង្រីករហូតដល់ចុងឆ្នាំ២០២៦វិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top