សមាគមកប្បាសចិន ថ្កោលទោសការបង្ក្រាបក្រុមហ៊ុន ដោយអាមេរិក លើការអះអាងពីកម្លាំងពលកម្មដោយបង្ខំ
ប៉េកាំង៖ សមាគមឧស្សាហកម្មចិន មួយបានសម្តែងការប្រឆាំងយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបន្ថែមក្រុមហ៊ុនចិនចំនួន ៤៣ រួមទាំងក្រុមហ៊ុនវាយនភណ្ឌកប្បាស ទៅក្នុងបញ្ជីអង្គភាពដែលហៅថា “បញ្ជីអង្គភាពច្បាប់បង្ការកម្លាំងពលកម្មដោយបង្ខំរបស់ជនជាតិអ៊ុយហ្គ័រ” ដោយថា ចលនានេះរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់ជាមូលដ្ឋាននៃពាណិជ្ជកម្មអន្តរជាតិ។
សមាគមកប្បាសចិន (CCA) បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ថា ការចោទប្រកាន់របស់សហរដ្ឋអាមេរិកអំពី “កម្លាំងពលកម្មដោយបង្ខំ” ខ្វះមូលដ្ឋានជាក់ស្តែង និងផ្លូវច្បាប់ ដោយកត់សម្គាល់ថា ឧស្សាហកម្មកប្បាសរបស់ប្រទេសចិន បានដើរតាមមាគ៌ាអភិវឌ្ឍន៍ទំនើប និងផ្តោតលើទីផ្សារជាប់លាប់ ។
នៅតំបន់ស៊ីនជាំង ដែលជាតំបន់ផលិតកប្បាស ដ៏សំខាន់មួយនៅក្នុងប្រទេសចិន ការប្រមូលផលកប្បាសជាង ៩០ភាគរយ ឥឡូវនេះត្រូវបានអនុវត្ត ដោយម៉ាស៊ីន ជាមួយនឹងប្រតិបត្តិការស្វ័យប្រវត្តិខ្ពស់ និងទ្រង់ទ្រាយធំដែលគ្របដណ្តប់លើខ្សែ សង្វាក់ឧស្សាហកម្មទាំងមូលចាប់ពីការដាំដុះ និងការប្រមូលផលរហូតដល់ការកែច្នៃ និងការផលិតវាយនភណ្ឌ ។
សមាគមនេះបានឧ្យដឹងថា សិទ្ធិការងារ និងផលប្រយោជន៍របស់កសិករដាំកប្បាស និងកម្មករឧស្សាហកម្មត្រូវបានការពារយ៉ាងតឹងរ៉ឹងដោយច្បាប់ចិន ហើយជម្រើសការងាររបស់ពួកគេគឺជាការស្ម័គ្រចិត្តទាំងស្រុង។ «គ្មានអ្វីដែលហៅថា ‘កម្លាំងពលកម្មដោយបង្ខំនោះទេ»។
សមាគមនេះបានឧ្យដឹងទៀតថា វិធានការរបស់សហរដ្ឋអាមេរិកមិនអើពើនឹងការពិត និងដាក់ «ការសន្មតថាមានកំហុស» លើក្រុមហ៊ុនចិន ដោយបន្ថែមថា ចេតនាពិតនៅពីក្រោយវិធានការបែបនេះ គឺដើម្បីធ្វើនយោបាយ និងជាអាវុធលេីបញ្ហាសិទ្ធិមនុស្សក្នុងការប៉ុនប៉ងទប់ស្កាត់ការអភិវឌ្ឍឧស្សាហកម្មកប្បាស និងវាយនភណ្ឌរបស់ប្រទេសចិន៕
ប្រែសម្រួល ឈូក បូរ៉ា
