ជប៉ុន និងសហរដ្ឋអាមេរិក ធ្វើអន្តរាគមន៍ក្នុងទីផ្សាររូបិយប័ណ្ណ ជាលើកដំបូងក្នុងរយៈពេល ១៥ឆ្នាំ
តូក្យូ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោកស្រី Satsuki Katayama បានឧ្យដឹងថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានធ្វើអន្តរាគមន៍ទិញប្រាក់យ៉េនរួមគ្នា នៅក្នុងទីផ្សាររូបិយប័ណ្ណ ដែលជាចលនាបែបនេះលើកដំបូងក្នុងរយៈពេល ១៥ឆ្នាំ។
សកម្មភាពរួមគ្នានៅថ្ងៃសុក្រក្នុងអំឡុងពេលជួញដូរនៅទីក្រុងញូវយ៉ក បានកើតឡើងបន្ទាប់ពីប្រាក់យ៉េនបានឡើងដល់ ១៦៣.៩៩ ធៀបនឹងប្រាក់ដុល្លារអាមេរិក នៅថ្ងៃទី២៣ ខែកក្កដា ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលប្រហែល ៤០ឆ្នាំ។
អន្តរាគមន៍នេះត្រូវបានធ្វើឡើងស្របតាមសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក-ជប៉ុន ដែលចេញផ្សាយក្នុងខែកញ្ញា ឆ្នាំ២០២៥ និងបានទប់ទល់នឹងការប្រែប្រួលហួសហេតុ និងចលនាមិនប្រក្រតីនៃប្រាក់យ៉េនជប៉ុនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
លោកស្រីបានបន្ថែមថា “ក្រសួងហិរញ្ញវត្ថុជប៉ុន នៅតែយកចិត្តទុកដាក់ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយសមភាគីរបស់យើងនៅក្រសួងរតនាគារ សហរដ្ឋអាមេរិក។ យើងនឹងមិនស្ទាក់ស្ទើរក្នុងការធ្វើអន្តរាគមន៍រួមគ្នា បន្ថែមទៀតទេ”។
នៅទីក្រុងញូវយ៉ក នៅថ្ងៃសុក្រសប្ដាហ៍មុន ប្រាក់យ៉េន បានកើនឡើងដល់កម្រិតទាបជាង ១៥៧ ធៀបនឹងប្រាក់ដុល្លារអាមេរិក ដោយប្រភពរដ្ឋាភិបាលជប៉ុន បានបញ្ជាក់ពីអន្តរាគមន៍ទីផ្សារប្តូរប្រាក់បរទេសដោយអាជ្ញាធររូបិយប័ណ្ណ។
ការទិញប្រាក់យ៉េន បានកើនឡើងពេញមួយយប់ក្នុងអំឡុងពេលជួញដូរនៅទីក្រុងញូវយ៉ក នៅថ្ងៃព្រហស្បតិ៍ ដោយរូបិយប័ណ្ណនេះ បានកើនឡើងដល់កម្រិតខាងលើ ១៥៧ ធៀបនឹងប្រាក់ដុល្លារអាមេរិក ដោយឈានដល់កម្រិតខ្លាំងបំផុតចាប់តាំងពីពាក់កណ្តាលខែឧសភា ដោយបានកើនឡើងជិត ៥យ៉េនក្នុងរយៈពេលប្រហែល ៥០នាទី មុនពេលធ្លាក់ចុះមកត្រឹមកម្រិត ១៦០វិញ៕
ប្រែសម្រួល ឈូក បូរ៉ា
