តម្លៃប្រេងធ្លាក់ចុះ ដោយសារក្តីសង្ឃឹម នៃកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ខណៈប្រាក់យ៉េនឡើងថ្លៃភ្លាមៗ បន្ទាប់ពីអន្តរាគមន៍
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះ ហើយទីផ្សារហ៊ុន បានប្រែប្រួលយ៉ាងខ្លាំងនៅថ្ងៃចន្ទនេះ ខណៈដែលក្តីសង្ឃឹម នៃសន្តិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា បានកើនឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និងជប៉ុនបានបញ្ជាក់ពីកិច្ចអន្តរាគមន៍រួមគ្នា ដើម្បីទ្រទ្រង់រូបិយប័ណ្ណដែលកំពុងខ្សោយនេះ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent បានធ្លាក់ចុះជាង ៦% មកត្រឹម ៨២.៤១ ដុល្លារ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានមានប្រសាសន៍ថា ការចរចាជាមួយអ៊ីរ៉ង់នឹងធ្វើឡើងនៅថ្ងៃចន្ទ។ មុននេះ លោកបានលុបចោលការវាយប្រហារភ្លាមៗលើអ៊ីរ៉ង់ ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ និងដោះស្រាយភាពជាប់គាំង លើសមត្ថភាពនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។
ប្រាក់យ៉េនជប៉ុនបានកើនឡើង ជាង ១% ដល់ ១៥៥,៣៩ ក្នុងមួយដុល្លារអាមេរិក ដែលជាចលនាភ្លាមៗមួយ ដែលធ្វើឱ្យពាណិជ្ជករមានការប្រុងប្រយ័ត្ន ចំពោះអន្តរាគមន៍មួយផ្សេងទៀត។
ក្រសួងហិរញ្ញវត្ថុជប៉ុន បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកបានធ្វើអន្តរាគមន៍ទិញប្រាក់យ៉េន ហើយនឹងមិនស្ទាក់ស្ទើរ ក្នុងការចាត់វិធានការបន្ថែមទៀតទេ ដោយបញ្ជាក់ពីសកម្មភាពទ្វេភាគី ដ៏កម្រមួយដើម្បីបញ្ឈប់ការធ្លាក់ចុះនៃប្រាក់យ៉េនដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤០ ឆ្នាំ។
ប្រែសម្រួលៈ ណៃ តុលា
