រដ្ឋចំនួន ២៥ របស់សហរដ្ឋអាមេរិក ប្តឹងរដ្ឋបាលលោក ត្រាំ ជុំវិញពន្ធលើទំនិញ មាត្រា ៣០១
ញូវយ៉ក៖ សម្ព័ន្ធភាពនៃរដ្ឋចំនួន ២៥ របស់សហរដ្ឋអាមេរិកបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងរដ្ឋបាលលោក ត្រាំ ដោយអះអាងថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានលើសពីសិទ្ធិអំណាចផ្នែកច្បាប់ របស់គាត់ដោយដាក់ពន្ធថ្មី យ៉ាងទូលំទូលាយលើទំនិញពីដៃគូពាណិជ្ជកម្មចំនួន ៦០ នេះបើយោងតាមឯកសាររបស់តុលាការ។
ពាក្យបណ្តឹង ដែលដាក់ទៅតុលាការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាមេរិក បានជំទាស់នឹងការយកពន្ធដែលទើបអនុម័តថ្មីៗនេះចំនួន ១០ ភាគរយ ឬ ១២.៥ ភាគរយលើទំនិញភាគច្រើន ដែលនាំចូលពីសេដ្ឋកិច្ចដែលរងផលប៉ះពាល់ ។ យោងតាមរដ្ឋនានា សេដ្ឋកិច្ចទាំងនេះមានចំនួនសរុប ៩៩.៤ ភាគរយ នៃការនាំចូលរបស់សហរដ្ឋអាមេរិក។
រដ្ឋនានាបាននិយាយ នៅក្នុងពាក្យបណ្តឹងថា “តុលាការនេះបានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងទាំងនោះមិនមានសុពលភាពពីរដង ដោយសម្រេចថា ទាំងច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ ឬមាត្រា ១២២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ មិនមែនជាមូលដ្ឋានច្បាប់ សម្រាប់គោលនយោបាយពាណិជ្ជកម្ម របស់ប្រធានាធិបតីនោះទេ។ ការប៉ុនប៉ងលើកទីបី របស់រដ្ឋបាលក្នុងការដាក់ពន្ធលើទំនិញទូទាំងពិភពលោក – ឥឡូវនេះតាមរយៈមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្ម គឺខុសច្បាប់ដូចគ្នា” ។
សម្ព័ន្ធភាពកំពុងស្នើសុំឱ្យតុលាការរារាំងពន្ធគយ ប្រកាសថាវាខុសច្បាប់ និងបញ្ជាឱ្យសងប្រាក់វិញសម្រាប់ពន្ធដែលបានបង់រួចហើយ។ បញ្ហាប្រឈមផ្នែកច្បាប់ ផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលក្នុងការរក្សារបបពន្ធគយទូលំទូលាយរបស់លោក ត្រាំ បន្ទាប់ពីតុលាការសហព័ន្ធ បានបដិសេធកំណែពីរមុន ដែលដាក់ក្រោមក្របខ័ណ្ឌច្បាប់ផ្សេងៗគ្នា។
រដ្ឋនានាអះអាងថាមន្ត្រីសហព័ន្ធបានប្រើប្រាស់មាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ និង ដែលហៅថា កង្វល់ “កម្លាំងពលកម្មដោយបង្ខំ” គ្រាន់តែជាលេស ដើម្បីបង្កើតឡើងវិញយ៉ាងឆាប់រហ័សនូវពន្ធសកលស្ទើរតែដូចគ្នាបេះបិទដែលតុលាការកំពូលបានលុបចោលពីមុននៅក្នុងខែកុម្ភៈ។
លោកស្រី Kathy Hochul អភិបាលរដ្ឋញូវយ៉កបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ពន្ធគយខុសច្បាប់របស់លោកប្រធានាធិបតី ត្រាំ គឺគ្មានអ្វីក្រៅពីពន្ធលើគ្រួសារដែលខិតខំប្រឹងប្រែងនោះទេ ដែលជំរុញឱ្យតម្លៃគ្រឿងទេស សម្ភារៈប្រើប្រាស់ក្នុងផ្ទះ សម្ភារៈសំណង់ និងទំនិញប្រចាំថ្ងៃរាប់មិនអស់ ដែលប្រជាជនញូវយ៉កពឹងផ្អែក”។
លោក Dan Rayfield អគ្គរដ្ឋអាជ្ញារដ្ឋ Oregon បានបន្ថែមពីលើនេះ ដោយបញ្ជាក់ពីផលប៉ះពាល់សេដ្ឋកិច្ចលើសហគមន៍ក្នុងតំបន់។ លោកបានសរសេរនៅលើបណ្ដាញសង្គម X ថា “ថ្ងៃនេះ យើងកំពុងដាក់ពាក្យបណ្តឹងលើកទីបីរបស់យើងប្រឆាំងនឹងពន្ធខុសច្បាប់របស់លោក ត្រាំ”។ “ជាថ្មីម្តងទៀត ប្រធានាធិបតីកំពុងដំឡើងថ្លៃលើទំនិញប្រចាំថ្ងៃ សម្រាប់គ្រួសារ និងអាជីវកម្មខ្នាតតូចនៅរដ្ឋ Oregon ហើយជាថ្មីម្តងទៀត យើងកំពុងដឹកនាំសម្ព័ន្ធភាពពហុរដ្ឋមួយ ដែលកំពុងបោះជំហានទៅមុខ ដើម្បីបញ្ឈប់លោកពីការធ្វើបែបនេះ”៕
ប្រែសម្រួល ឈូក បូរ៉ា









