ប្រធានាធិបតីម៉ិកស៊ិក រិះគន់គោល នយោបាយពន្ធគយ របស់សហរដ្ឋអាមេរិក
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានសម្តែងការជំទាស់ជាថ្មីម្តងទៀត ចំពោះគោលនយោបាយពន្ធគយ របស់សហរដ្ឋអាមេរិក ដោយអះអាងថា មានវិធីមានប្រសិទ្ធភាពជាងនេះ ក្នុងការពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ និងដោះស្រាយជម្លោះពាណិជ្ជកម្ម រវាងប្រទេសនានា។
លោកស្រី Sheinbaum បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ របស់លោកស្រីនៅវិមានជាតិម៉ិកស៊ិកថា “យើងមិនទាន់យល់ស្របនឹងពន្ធគយនោះទេ ហើយប្រទេសដទៃទៀតក៏មិនយល់ស្របដូចគនាដែរ ពីព្រោះយើងជឿថា មានយន្តការផ្សេងទៀត ដើម្បីពង្រឹងតំបន់សេដ្ឋកិច្ចមួយទាក់ទង ទៅនឹងតំបន់សេដ្ឋកិច្ចមួយទៀត”។
ការកត់សម្គាល់របស់លោកស្រី បានកើតឡើងចំពេលមានការជជែកវែកញែក កាន់តែខ្លាំងឡើងនៅក្នុងសហរដ្ឋអាមេរិក លើគោលនយោបាយពាណិជ្ជកម្ម របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បន្ទាប់ពីសម្ព័ន្ធភាពនៃរដ្ឋចំនួន ២៥ របស់សហរដ្ឋអាមេរិក បានដាក់ពាក្យបណ្តឹង ប្រឆាំងនឹងពន្ធគយថ្មី ដែលដាក់លើការនាំចូលពីដៃគូពាណិជ្ជកម្ម ភាគច្រើនរបស់សហរដ្ឋអាមេរិក។
បណ្តឹងនេះ ដែលបានដាក់ទៅតុលាការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាមេរិក មានគោលបំណងលុបចោលពន្ធគយចំនួន ១០ ភាគរយ ឬ ១២.៥ភាគរយ ដោយហេតុផលថា ពន្ធគយទាំងនោះលើសពីសិទ្ធិអំណាច ផ្នែកច្បាប់របស់ស្ថាប័ននីតិប្រតិបត្តិសហរដ្ឋអាមេរិក។
យោងតាមលោកស្រី Sheinbaum ខណៈដែលគោលនយោបាយពាណិជ្ជកម្ម គឺជាការសម្រេចចិត្តរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិក មានវិធីល្អជាងនេះ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់៕









