សហរដ្ឋអាមេរិក ដកហូតទិដ្ឋាការ របស់ឯកអគ្គរដ្ឋទូតប្រេស៊ីល ដោយសារជម្លោះការទូត
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានដកហូតទិដ្ឋាការ របស់ឯកអគ្គរដ្ឋទូតប្រេស៊ីល ប្រចាំសហរដ្ឋអាមេរិក ដោយសារជម្លោះការទូត នេះបើយោង តាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក។
មន្ត្រីជាន់ខ្ពស់ម្នាក់ នៃក្រសួងការបរទេស ត្រូវបានដកស្រង់សម្តីថា ការដកហូតទិដ្ឋាការនេះគឺ ជាការឆ្លើយតបទៅនឹងប្រទេសប្រេស៊ីល ដែលបដិសេធទិដ្ឋាការដល់អ្នកការទូតអាមេរិកពីររូបកាលពីខែមុន និងបានបដិសេធការ យល់ព្រមពីបេក្ខជនរបស់រដ្ឋបាលលោក ត្រាំ សម្រាប់តំណែង ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសប្រេស៊ីល។
នៅដើមខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានតែងតាំងលោក Daniel Perez ឲ្យធ្វើជាឯកអគ្គរដ្ឋទូតអាមេរិក បន្ទាប់ប្រចាំប្រទេសប្រេស៊ីល។
ព្រឹទ្ធសភាអាមេរិកមិនទាន់បានបញ្ជាក់ ពីការតែងតាំងរបស់លោកនៅឡើយទេ ហើយលោកនឹង មិនអាចទទួលយកតំណែង នេះបានទេ រហូតដល់ប្រទេសប្រេស៊ីលអនុម័ត។
មន្ត្រីក្រសួងការបរទេសបានបន្ថែមថា ទិដ្ឋាការរបស់ឯកអគ្គរដ្ឋទូតប្រេស៊ីល នឹងត្រូវបានស្តារឡើងវិញ ប្រសិនបើស្ថានភាពត្រូវបានដោះស្រាយ៕
ប្រែសម្រួល ឈូក បូរ៉ា









