អ៊ីរ៉ង់គំរាមវាយប្រហារ រដ្ឋឈូងសមុទ្រពែក្ស ប្រសិនបើអាមេរិក បើកការវាយប្រហារថ្មី
បរទេស៖ អ៊ីរ៉ង់បានព្រមានរដ្ឋនៅ ឈូងសមុទ្រពែក្សថា ការវាយប្រហារថ្មីណាមួយ របស់សហរដ្ឋអាមេរិកលើទឹកដីរបស់ខ្លួន នឹងបង្កឱ្យមានការសងសឹកប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធ ថាមពលសំខាន់ៗ នៅទូទាំងតំបន់នេះ។ នេះបើយោង តាមប្រភពចំនួនប្រាំ ខណៈដែលទីក្រុងតេហេរ៉ង់ព្យាយាមបង្កើនថ្លៃ ដើមនៃសកម្មភាពយោធា ដោយគំរាមកំហែងដល់សម្ព័ន្ធមិត្តក្នុងតំបន់ ដែលនៅជិតបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ថា ប្រភពទាំងនោះបាននិយាយថា ការព្រមាននេះត្រូវបានផ្តល់ជូនតាមរយៈទំនាក់ទំនងការទូតកម្រិតខ្ពស់ជាច្រើន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមនៅថ្ងៃទី២៨ ខែកក្កដាថា នឹងវាយប្រហារបណ្តាញថាមពល និងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយជាមួយសមភាគីអារ៉ាប៊ីសាអូឌីត តួកគី និងកាតា ក៏ដូចជាមេបញ្ជាការកងទ័ពប៉ាគីស្ថាន។ អ្នកការទូតជាន់ខ្ពស់រូបនេះបាននិយាយថា លោក Araqchi បានជំរុញឱ្យសម្ព័ន្ធមិត្តឈូងសមុទ្រពែក្សរបស់ទីក្រុងវ៉ាស៊ីនតោនប្រើប្រាស់ឥទ្ធិពលរបស់ពួកគេជាមួយលោក ត្រាំ ដើម្បីរារាំងលោកត្រាំពីការវាយ ប្រហារឡើងវិញ ដោយព្រមានថា ការវាយប្រហារណាមួយលើអ៊ីរ៉ង់ នឹងជំរុញឱ្យមានការសងសឹកប្រឆាំងនឹងទ្រព្យសម្បត្តិ និងកន្លែងផលិតថាមពល របស់សហរដ្ឋអាមេរិក នៅទូទាំងឈូងសមុទ្រ។
សាររបស់លោកគឺ ស៊ីសង្វាក់គ្នានៅក្នុងការសន្ទនានីមួយៗ អ្នកការទូតរូបនេះបាននិយាយថា “យើងត្រៀមខ្លួន រួចជាស្រេចដើម្បីសងសឹក ប៉ុន្តែការស្វែងរកដំណោះស្រាយការទូតគឺ ជាមធ្យោបាយដ៏ល្អបំផុតដើម្បីជៀសវាងការកើនឡើង និងការបំផ្លិចបំផ្លាញកាន់តែទូលំទូលាយនៅទូទាំងតំបន់”។
ប្រែសម្រួលៈ ណៃ តុលា









