ព័ត៌មានអន្តរជាតិ

​ ប្រធានាធិបតីប្រេស៊ីល រិះគន់ការលុបចោលទិដ្ឋាការ របស់ឯកអគ្គរដ្ឋទូតរបស់ខ្លួន​ ដោយសហរដ្ឋអាមេរិកថា​ ជាការមិនទទួលខុសត្រូវ

រីយ៉ូ៖​ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានរិះគន់ការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការលុបចោលទិដ្ឋាការ របស់ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំទីក្រុងវ៉ាស៊ីនតោន លោកស្រី Maria Luiza Ribeiro Viotti ដោយហៅសកម្មភាពនេះថា “ការមិនទទួលខុសត្រូវ និងគ្មានការគិតគូរ”។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ YouTube Meteoro Brasil លោក Lula បានឧ្យដឹងថា ការសម្រេចចិត្តនេះមិនសមហេតុផលសម្រាប់ប្រទេសទាំងពីរ​ ដែលមានចំណងការទូតជាងពីរសតវត្ស មកហើយ ដោយបន្ថែមថា ប្រេស៊ីលនឹងមិនទទួលឯកអគ្គរដ្ឋទូតថ្មី មុនការបោះឆ្នោតទូទៅរបស់ខ្លួន ដែលគ្រោងធ្វើនៅខែតុលា​ នោះទេ។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសលុបចោលទិដ្ឋាការនៅថ្ងៃអង្គារ ដើម្បីសងសឹក​ ចំពោះការបដិសេធរបស់ប្រទេសប្រេស៊ីល​ កាលពីខែមុនក្នុងការចេញទិដ្ឋាការដល់មន្ត្រីអាមេរិកពីររូប ក៏ដូចជាការពន្យារពេលក្នុងការអនុម័តលោក Daniel Perez ដែលជាបេក្ខជនរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រាប់តំណែងឯកអគ្គរដ្ឋទូតប្រចាំប្រទេសប្រេស៊ីល។

ជាការឆ្លើយតប លោក Lula បានកត់ សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោន​ បានបង្ហាញភាពបន្ទាន់តិចតួចទាក់ទង នឹងវត្តមានការទូតរបស់ខ្លួននៅ ក្នុងប្រទេសប្រេស៊ីល ដោយបានចាកចេញពីស្ថានទូតរបស់ខ្លួនដោយគ្មានតំណាងសំខាន់អស់រយៈពេលជាងមួយឆ្នាំកន្លះ។

លោកបានលេីកឡេីងថា “ពួកគេរំពឹងថាយើងនឹងធ្វើសកម្មភាពតាមពេលវេលាកំណត់របស់ពួកគេ? នោះមិនយុត្តិធម៌ ឬអាចទទួលយកបានទេ។ យើងទាមទារឱ្យមានការប្រព្រឹត្តដោយការគោរព”។

រដ្ឋាភិបាលប្រេស៊ីល កាលពីថ្ងៃអង្គារ​ បានថ្កោលទោសយ៉ាងខ្លាំង​ ចំពោះការសម្រេចចិត្ត របស់ក្រសួងការបរទេស សហរដ្ឋអាមេរិកក្នុង ការផ្លាស់ប្តូរស្ថានភាពទិដ្ឋាការរបស់ឯកអគ្គរដ្ឋទូត ប្រេស៊ីលប្រចាំទីក្រុងវ៉ាស៊ីនតោន ដោយហៅហេតុផល ដែលបានលើកឡើងដោយសហរដ្ឋអាមេរិកថា “ជាការមិនពិត” ៕

To Top