បទវិភាគ ៖ យោធានិយមបែបថ្មី របស់ជប៉ុន លាតត្រដាង ពីភាពពុតត្បុតរបស់ខ្លួន
នៅថ្ងៃទី ៤ ខែសីហា ក្រសួងការពារជាតិជប៉ុនបានចេញផ្សាយ«សៀវភៅសស្តីពីកិច្ចការពារជាតិ»ឆ្នាំ២០២៦ ។ សៀវភៅសកំណែថ្មីនេះបានឃោសនាបំប៉ោងយ៉ាងគឃ្លើនពី”វិបតិ្តសន្តិសុខនៅតំបន់ជុំវិញ” បន្តចាត់ទុកប្រទេសចិនជា”បញ្ហាប្រឈមជាយុទ្ធសាស្រ្តដ៏ធំបំផុតដែលមិនធ្លាប់មានកាលពីមុន”និងសង្កត់ធ្ងន់ពីការផ្លាស់ប្តូរប្រព័ន្ធប្រយុទ្ធនិងការពង្រីកឧស្សាហកម្មយោធាក្នុងគោលបំណងបង្កលក្ខណសម្បត្តិសម្រាប់ការធ្វើវិសោធនកម្ម”ឯកសារចំនួនបីស្តីពីការការពារសន្តិសុខ”នៅមុនដំណាច់ឆ្នាំ ២០២៦ ព្រមទាំងការវាតទីយោធា និងការបម្រុងសព្វាវុធរបស់រដ្ឋាភិបាលលោកស្រី Sanae Takaichi ។ ប្រការនេះបានបញ្ជូនសញ្ញាយ៉ាងច្បាស់លាស់មួយថា៖រដ្ឋាភិបាលជប៉ុនកំពុងពន្លឿនការបម្រះខ្លួនចេញពីការកំហិតនៃប្រព័ន្ធសន្តិភាពដែលបង្កើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទីពីរដើម្បីជំរុញការធ្វើ”យោធូបនីយកម្មឡើងវិញ”ដោយពេញទំហឹង ។
សៀវភៅសកំណែថ្មីនេះបានលាបពណ៌និងចោទប្រកាន់ភាគីចិនម្តងទៀតដោយគ្មានហេតុផល ឃោសនាបំប៉ោងពីអ្វីដែលហៅថា ”ការគំរាមកំហែងពីប្រទេសចិន”ដោយនិយាយឆ្ការដៃឆ្ការជើងនិងឃោសនាបំប៉ោងក្នុងចេតនាអាក្រក់ចំពោះសកម្មភាពយោធាជាប្រក្រតីនិងកិច្ចការពារជាតិស្របច្បាប់របស់ចិនព្រមទាំងមួលបង្កាច់តាមតែទំនើងចិត្តចំពោះសកម្មភាពដ៏ចាំបាច់របស់កងទ័ពចិនក្នុងការគាំពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី ។ អ្នកវិភាគបានសម្គាល់ឃើញថា ប្រការនេះបង្ហាញថា ជប៉ុនកំពុងយកអ្វីដែលហៅថា ”បញ្ហាប្រឈមរបស់ចិន”ធ្វើជាលេសដើម្បីបង្កើតជាថ្មីនូវប្រព័ន្ធយុទ្ធសាស្ត្រសន្តិសុខរបស់ខ្លួនក្នុងគោលបំណងបង្កលក្ខណសម្បត្តិសម្រាប់ការធ្វើវិសោធនកម្ម”ឯកសារចំនួនបីស្តីពីការការពារសន្តិសុខ”នៅមុនដំណាច់ឆ្នាំ ២០២៦ ។
ជាពិសេស អ្វីដែលគួរឱ្យប្រុងប្រយ័ត្ននោះគឺ សៀវភៅសកំណែថ្មី ក៏បានបញ្ចេញមតិខុស
ឆ្គងអំពីកិច្ចការតំបន់តៃវ៉ាន់របស់ចិន ដែលជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសចិនយ៉ាងកម្រោលនិងប៉ុនប៉ងស្វែងរកលេសសម្រាប់ជ្រៀតជ្រែកកិច្ចការច្រកសមុទ្រតៃវ៉ាន់ ។ បញ្ហាតៃវ៉ាន់ទាក់ទងនឹងអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសចិន វាទាក់ទងទៅនឹងមូលដ្ឋានគ្រឹះផ្នែកនយោបាយនៃទំនាក់ទំនងរវាងចិននិងជប៉ុនដែលជាបន្ទាត់ក្រហមដែលមិនអាចបំពានបាន ។
ជាមួយគ្នានេះដែរ សៀវភៅសនេះក៏បានអះអាងដែរថា ពីការបង្កើនថវិកាលើសព្វាវុធនិងវិស័យការពារជាតិដើម្បីបណ្តុះបណ្តាលធនធានមនុស្សខាងបច្ចេកវិទ្យានិងការគាំទ្រដល់សេដ្ឋកិច្ចនិងឧស្សាហកម្មរបស់ជប៉ុន រហូតដល់ការបំភ្លែឱ្យការពង្រីកឧស្សាហកម្មយោធាថាជាកំណើនសេដ្ឋកិច្ច ដែលប៉ុនប៉ងដាក់បញ្ចូលយ៉ាងស៊ីជម្រៅនូវការពង្រីកសព្វាវុធទៅក្នុងច្បាប់នៃប្រទេសជាតិ សេដ្ឋកិច្ចនិងឧស្សាហកម្មនិងសាធារណមតិ ។
នៅថ្ងៃដដែលដែល«សៀវភៅសស្តីពីកិច្ចការពារជាតិ»កំណែថ្មីរបស់ជប៉ុនត្រូវបានចេញផ្សាយ សមាគមសង្គមស៊ីវិលរបស់ជប៉ុនចំនួន ៣២ បានផ្ញើរលិខិតតវ៉ាដើម្បីប្រឆាំងរដ្ឋាភិបាលដែលពន្លឿនការធ្វើវិសោធនកម្ម”ឯកសារការពារសន្តិសុខចំនួនបី”និងធ្វើវិសោធនកម្ម”គោលការណ៍គ្មានអាវុធនុយក្លេអ៊ែរបី” ក៏ដូចជាទាមទារឱ្យគោរពតាម”រដ្ឋធម្មនុញ្ញសន្តិភាព”។ តាមស្ថិតិឱ្យដឹងថា ចាប់តាំងពីរដ្ឋអំណាចលោកស្រី Sanae Takaichi បានបង្កើតឡើងកាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំនេះ មានសភាមូលដ្ឋានយ៉ាងហោចណាស់ចំនួន ១២៨ មកពីខេត្តចំនួន ៣៦ បានដាក់ញត្តិទៅរដ្ឋសភាដើម្បីទាមទារឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍គ្មាននុយក្លេអ៊ែរចំនួនបី ។ តួលេខនេះបានបង្កើតកំណត់ត្រាខ្ពស់បំផុតនៃរដ្ឋាភិបាលមួយអាណត្តិចាប់តាំងពីរដ្ឋសភាជប៉ុនចាប់ផ្តើមទទួលយកញត្តិពីសភាមូលដ្ឋានកាលពីខែកក្កដា ឆ្នាំ២០០០ មក ។
ទាក់ទងនឹងករណីដែល«សៀវភៅសស្តីពីកិច្ចការពារជាតិ»កំណែថ្មីរបស់ជប៉ុនលាបពណ៌និងចោទប្រកាន់ប្រទេសចិនម្តងទៀតដោយគ្មានហេតុផល ភាគីចិនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងអហង្ការ ហើយបានលើកឡើងការប្រឆាំងតវ៉ាយ៉ាងម៉ឺងម៉ាត់រួចហើយ ។ ព្រមពេលជាមួយគ្នានេះដែរ ក្រសួងការបរទេសកូរ៉េខាងត្បូងក៏បានសម្តែងការប្រឆាំងតវ៉ាយ៉ាងខ្លាំងក្លាចំពោះខ្លឹមសារពាក់ព័ន្ធផងដែរ ។
ឆ្លងតាមរយៈ«សៀវភៅសស្តីពីកិច្ចការពារជាតិ»កំណែថ្មីរបស់ជប៉ុន អ្នកផងទាំងពួងបានយល់ឃើញថែមមួយកម្រិតទៀតថា ”យោធានិយមបែបថ្មី”របស់ជប៉ុនមានកម្លាំងកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ សហគមន៍អន្តរជាតិចាំបាច់ត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ចំពោះរឿងនេះព្រមទាំងចាត់ប្រើវិធានការជាក់ស្តែងដើម្បីទប់ស្កាត់យ៉ាងដាច់ខាត ៕









