ព័ត៌មានអន្តរជាតិ

វិបត្តិការទូតរវាងអាហ្សង់ទីន​ និងប្រេស៊ីល ជាដំណឹងអាក្រក់​ សម្រាប់ទីផ្សាររួមភាគខាងត្បូង

ម៉ុងតេវីដេអូ៖​ រដ្ឋមន្ត្រីការបរទេសអ៊ុយរូហ្គាយ លោក Mario Lubetkin បានឧ្យដឹងថា វិបត្តិការទូតរវាងអាហ្សង់ទីន និងប្រេស៊ីល គឺជា «ដំណឹងអាក្រក់» សម្រាប់ទីផ្សាររួមភាគខាងត្បូង (Mercosur) ហើយបានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលទាំងពីរនឹងបន្តការសន្ទនាគ្នា ដើម្បីបន្ធូរបន្ថយភាពតានតឹង។

លោក Lubetkin បានឧ្យដឹងថា ការធ្លាក់ចុះនៃទំនាក់ទំនងរវាងសមាជិកធំបំផុតទាំងពីររបស់ Mercosur មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ប្រេស៊ីល និងអាហ្សង់ទីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអ៊ុយរូហ្គាយ និងប៉ារ៉ាហ្គាយផងដែរ។ «ពិតណាស់​ យើងឃើញវាអាក្រក់ណាស់ វាមិនបានជួយដល់នរណាម្នាក់ទេ»។

លោកបានបន្ដថា ភាពតានតឹងនៅក្នុង Mercosur ធ្វើឱ្យការងាររបស់ប្លុកកាន់តែពិបាកក្នុងអំឡុងពេលឆមាសដ៏សំខាន់មួយ ខណៈដែលអ៊ុយរូហ្គាយបច្ចុប្បន្នជាប្រធានទាំង Mercosur និងសហគមន៍រដ្ឋអាមេរិកឡាទីន និងការាបៀន ហើយកំពុងដឹកនាំរបៀបវារៈចរចាពាណិជ្ជកម្ម។

លោកបានបន្ថែមថា លោកសង្ឃឹមថា រដ្ឋាភិបាលទាំងពីរនឹងស្វែង រកបណ្តាញកម្រិតរដ្ឋសម្រាប់ការសន្ទនា ដើម្បីកាត់បន្ថយភាពតានតឹង និងឈានទៅមុខ។

នៅពេលសួរអំពីការសម្របសម្រួល ដែលអាចធ្វើទៅបាន របស់អ៊ុយរូហ្គាយ លោកបាននិយាយថា ទីក្រុងម៉ុងតេវីដេអូនៅតែមានឆន្ទៈជួយប្រសិនបើត្រូវបានស្នើសុំ ប៉ុន្តែថាមិនមានកិច្ចខិតខំប្រឹងប្រែង សម្របសម្រួលណាមួយកំពុង ដំណើរការនាពេលបច្ចុប្បន្ននេះទេ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top