ព័ត៌មានអន្តរជាតិ

រោងចក្រចម្រាញ់ប្រេង ដ៏សំខាន់មួយ នៅក្នុងតំបន់ Yaroslavl របស់ប្រទេសរុស្ស៊ី ត្រូវភ្លើងឆេះ ដោយសារការវាយប្រហារ ដ៏ខ្លាំងក្លាដោយយន្តហោះគ្មាន មនុស្សបើករបស់អ៊ុយក្រែន‎

‎បរទេស៖ លោក Mikhail Evrayev អភិបាល តំបន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា រោងចក្រចម្រាញ់ប្រេងដ៏ សំខាន់មួយនៅក្នុងតំបន់ Yaroslavl របស់ប្រទេសរុស្ស៊ី កំពុងឆេះបន្ទាប់ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែនដ៏ធំមួយ ហើយសេវាសង្គ្រោះបន្ទាន់ កំពុងធ្វើការដើម្បីពន្លត់អគ្គីភ័យ។

‎យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែ សីហា ឆ្នាំ២០២៦ថា រូបភាពដែលមិនទាន់បានផ្ទៀង ផ្ទាត់ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញពីផ្សែងខ្មៅក្រាស់ៗហុយឡើងពីលើរោងចក្រ។

‎លោក Evrayev បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram ថា ធុងស្តុកប្រេងរបស់រោងចក្រ ចម្រាញ់ប្រេងត្រូវបានវាយប្រហារដោយបំណែកយន្តហោះគ្មានមនុស្សបើកដែលធ្លាក់មកលើ ដែលលោកបានពិពណ៌នាថា ជាការវាយប្រហារដ៏ធំ បំផុតរបស់ សត្រូវលើតំបន់ Yaroslavl ដែលមានចម្ងាយប្រហែល ២៥០គីឡូម៉ែត្រពីភាគឦសាន នៃទីក្រុងមូស្គូ ។

‎លោក Evrayev បាននិយាយថា “ថ្ងៃនេះតំបន់នេះបានទប់ទល់នឹង ការវាយប្រហារដ៏ធំបំផុត ដោយយន្តហោះ គ្មានមនុស្សបើករបស់សត្រូវ។ យន្តហោះគ្មានមនុស្សបើកទាំង ៩៣ គ្រឿងត្រូវបាន បាញ់ទម្លាក់ដោយអង្គភាពការពារដែនអាកាស និងសង្គ្រាមអេឡិចត្រូនិក”។ លោកបាននិយាយថា មនុស្សបួននាក់បានរងរបួសដោយសារគ្រាប់បែក ប៉ុន្តែគ្មាននរណាម្នាក់ត្រូវបានសម្លាប់នោះទេ។

‎ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយនៅលើ Telegram កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា យោធាអ៊ុយក្រែនបានវាយប្រហាររោងចក្រចម្រាញ់ប្រេងពីររបស់រុស្ស៊ី គឺរោងចក្រចម្រាញ់ប្រេង Bashneft-Novoil នៅសាធារណរដ្ឋ Bashkortostan និងរោងចក្រចម្រាញ់ប្រេង Slavneft-Yanos នៅតំបន់ Yaroslavl។ មិនមានការអត្ថាធិប្បាយភ្លាមៗពីមន្ត្រីរុស្ស៊ីនៅ Bashkortostan ទេ។

‎‎ប្រែសម្រួល: ណៃ តុលា

To Top