ក្រុមឧទ្ទាមហួធី វាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក លើជំរុំយោធា សម្លាប់ទាហានរដ្ឋាភិបាលយេម៉ែនអស់ ៣០នាក់
បរទេស៖ យ៉ាងហោចណាស់ទាហានរដ្ឋាភិបាលយេម៉ែនចំនួន ៣០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើជំរំយោធានៅក្នុងខេត្ត Marib និង Hadramout របស់ប្រទេសយេម៉ែនកាលពីថ្ងៃព្រហស្បតិ៍ ប្រភពពីរដ្ឋាភិបាលបាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើង។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ថា ក្រោយមក ក្រុមឧទ្ទាម ហួធី ដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលផ្តោតលើអ្វី ដែលពួកគេបានពិពណ៌នាថា ជាការដាក់ពង្រាយយោធារបស់អារ៉ាប៊ីសាអូឌីត នៅក្នុងខេត្តទាំងពីរ ។
ក្រុម ហួធី បាននិយាយថា ពួកគេបានវាយប្រហារអ្វីដែលពួកគេបានពិពណ៌នាថាជាការប្រមូលផ្តុំកងទ័ពរបស់អារ៉ាប៊ីសាអូឌីតនៅក្នុងតំបន់ Al Ruwayk, Al Abr និង Al Thaniyah ដោយមីស៊ីលផ្លោង និង យន្តហោះគ្មានមនុស្សបើក។ ក្រុមនេះបាននិយាយថា អ្នកប្រយុទ្ធរាប់រយនាក់ ដែលមានសម្ព័ន្ធមិត្តជាមួយអារ៉ាប៊ីសាអូឌីតត្រូវបានសម្លាប់ ឬរងរបួស ហើយជំរំយោធា ឃ្លាំងអាវុធ និងយានយន្តត្រូវបានបំផ្លាញ។
ក្រុម ហួធី បាននិយាយថា ពួកគេបានចាប់ផ្តើម ប្រតិបត្តិការនេះ បន្ទាប់ពីបានរកឃើញអ្វី ដែលពួកគេបានពិពណ៌នាថា ជាការបង្កើនយោធារបស់អារ៉ាប៊ីសាអូឌីតយ៉ាងច្រើន មុនពេលការកើនឡើងប្រឆាំងនឹងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលយេម៉ែនបានបញ្ជាឱ្យមណ្ឌលសុខភាពនៅ Marib និង Hadramout បង្កើនការត្រៀមខ្លួនដើម្បីព្យាបាលទាហានដែលរងរបួស។ លោកបានថ្កោលទោសការវាយប្រហារនេះ ដោយនិយាយថា ពួកគេបានកំណត់គោលដៅទីតាំងយោធានៅក្នុងតំបន់ Al Ruwayk និង Al Abr។
ប្រែសម្រួលៈ ណៃ តុលា









