ព័ត៌មានអន្តរជាតិ

បទវិភាគ​ ៖ “ឱកាសចិន ២.០”កំពុង​បញ្ចេញ​ភាគលាភ ​ជាបន្តបន្ទាប់​

នៅតាមកំពង់ផែ​របស់ចិន ​គេតែងតែ​ឃើញ​ទិដ្ឋភាព​ដ៏មមាញឹក​បែបនេះ ៖​ រថយន្ត​ថាម​ពល​ថ្មី​ត្រូវបាន​រៀបចំរួច​ជាស្រេច​សម្រាប់នាំចេញ​ មនុស្សយន្ត​ឧស្សាហកម្ម និង​ឧបករណ៍​ឆ្លាត​វៃ​ត្រូវបាន​វេចខ្ចប់​ដោយមាន​របៀបរៀបរយ ​​គ្រឿងបន្លាស់​ថាមពល​ដើរដោយខ្យល់​ត្រូវ​បាន​ដាក់​លើ​នាវា… “ផលិតផល​ឆ្លាតវៃរបស់ចិន”​ជាច្រើន​ត្រូវបាននាំចេញ​ទៅបរទេស ​ដោយ​នាំមក​នូវ​ភាព”ថ្មី”និង”បៃតង”​កាន់តែច្រើន​ដល់​ពិភពលោក ដែលបាន​ក្លាយជាការ​ឆ្លុះ​បញ្ចាំង​​ដ៏រស់រវើក​នៃ“ឱកាសចិន២.០” ។

តាមទិន្នន័យ​ដែល​រដ្ឋាភិបាលចិន​បាន​ចេញផ្សាយ​កាលពី​ថ្ងៃទី ៧ ខែសីហា​ឱ្យដឹងថា ​ក្នុង​រយៈ​ពេល៧​ខែដើមឆ្នាំនេះ ​ទំហំ​សរុបនៃ​ការនាំចេញ​នាំចូលខាង​ពាណិជ្ជកម្ម​​ទំនិញរបស់ចិន​មាន​ចំនួន៣០,១៣​ទ្រីលានយាន់​ប្រាក់​ចិន ​ដែល​កើនឡើង​១៧,៣ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន ។ ​ក្នុងនោះ ​ការនាំចេញ​បាន​កើនឡើង​១៤ភាគរយ​ ហើយការនាំចូល​បាន​កើន​ឡើង​២២ភាគរយ​ ។ ​ប្រព័ន្ធ​សារព័ត៌មាន​បរទេសដូចជា​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters​ជា​ដើម​​បាន​សម្គាល់ឃើញថា ​ក្នុងបរិបទ​ដែល​គាំពារនិយម​កំពុងងើបឡើងវិញ​និងកំណើន​នៃ​ពាណិ​ជ្ជកម្មសកល​កំពុងបង្អង់​ល្បឿន “ទិន្នន័យ​ពាណិជ្ជកម្ម​របស់ចិន​លើស​ពីការ​រំពឹង​ទុក”​ដែល​​“បង្ហាញពី​ភាពធន់” ​ជាពិសេស “ទទួល​បាន​សមិទ្ធផល​គួរ​ឱ្យ​​កត់​សម្គាល់​​ក្នុងវិស័យ​ឈាន​មុខ​ដូចជា​បញ្ញាសិប្បនិម្មិត​ជាដើម”។

​ហេតុអ្វីបានជា​ពាណិជ្ជកម្ម​ជាមួយ​បរទេស​របស់ចិន​អាចទទួល​បាន​សមិទ្ធផល​ដ៏​លេច​ធ្លោ​​ខណៈពេល​រីក​ចម្រើន​ទៅមុខ​ក្រោមសម្ពាធ? ​លោក Wang ​Xiaosong ​សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ​ប្រជាជនចិន​បានថ្លែងថា ​ចិនមានប្រព័ន្ធ​ឧស្សាហកម្ម​ដ៏ពេញលេញបំផុត​​លើ​ទូទាំងពិភពលោក​ ដែលអាច​សម្រេច​​ការផ្គត់ផ្គង់​ប្រកបដោយ​ប្រសិទ្ធភាពនិង​ការនាំ​ចូល​ជាច្រើន ដែលបាន​បង្កើត​មូលដ្ឋានគ្រឹះ​សម្រាប់ការអភិវឌ្ឍ​ពាណិជ្ជកម្ម​ជាមួយ​បរទេស​
។​ ទន្ទឹមនឹងនេះ ឧត្តមភាព​នៃទីផ្សារដ៏៏​ធំធេងរបស់ចិន​ ឧត្តមភាពនៃ​ការជំរុញដោយ​ការ​ច្នៃ​ប្រឌិត​ថ្មី និង​ភាគលាភ​ខាង​គោលនយោបាយស្តីពី​ការ​ពង្រីក​ការ​​បើក​ទូលាយ​ជាដើម​ បាន​ដើរ​តួនាទី​ជាបន្តបន្ទាប់​ ដែលបានរួមគ្នា​ជំរុញ​កំណើននៃ​ពាណិជ្ជកម្ម​ជាមួយបរទេស ។

ចិនមិនត្រឹមតែ​មានឆន្ទៈធ្វើជា​“រោងចក្រ​ពិភពលោក​”ប៉ុណ្ណោះទេ​ ប៉ុន្តែក៏មានឆន្ទៈ​ធ្វើជា​“ទី​ផ្សារ​ពិភពលោក​”ផងដែរ ។ ពីខែមករា​ដល់​ខែកក្កដា​ឆ្នាំនេះ ​ល្បឿនកំណើន​នៃការនាំចូល​របស់​ចិន​បានលឿនជាង​ការនាំចេញ៨ ភាគរយ​ ដោយបន្ត​បញ្ចេញ “ភាគលាភទីផ្សារ”កាន់​តែ​ច្រើន​តាមរយៈ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​ប្រកបដោយ​តុល្យភាព ។ ​បើ​និយាយ​ចំពោះ​ចិន ការ​ពង្រីក​ការនាំចូល​ផលិតផលនិង​សេវាកម្ម​ដែលមាន​គុណភាពល្អ គឺមាន​អំណោយផល​ដល់​ការលើកកម្ពស់​កម្រិត​ឧស្សាហកម្ម ​និង​បង្កើនគុណភាព​​នៃ​ការប្រើប្រាស់ ​ដើម្បី​បំពេញ​កាន់​តែ​ប្រសើរ​តាម​តម្រូវការ​របស់ប្រជាជន​ចំពោះ​ជីវភាព​ដ៏ល្អបវរ​។ ​បើនិយាយ​ចំពោះ​ ដៃ​គូ​ពាណិ​ជ្ជកម្ម ​ពួកគេអាច​ទទួលបាន​ការបញ្ជាទិញ ឱកាស​ការងារនិង​ឱកាស​អភិវឌ្ឍន៍​​ពី​ទី​ផ្សារ​ចិន ។ បច្ចុប្បន្ននេះ ​ចិនបាន​អនុវត្ត​គោលនយោបាយ​ពន្ធគយ​សូន្យចំពោះ​ប្រទេស​ចំនួន​៦៣ ហើយ​ទំហំនាំចូល​បានរក្សា​ចំណាត់ថ្នាក់​ទីពីរលើ​ពិភពលោក​ក្នុង​រយៈពេល​១៧​ឆ្នាំ​ជាប់ៗគ្នា​ ។ វេបសាយ​Eurasia Review​របស់សហរដ្ឋអាមេរិក​​បាន​សម្គាល់​ឃើញថា “ការ​កើន​ឡើងនៃ​ការនាំចូលរបស់ចិនផ្តល់​ការ​ទ្រទ្រង់​យ៉ាង​ខ្លាំង​ក្លាដល់អនាគត​នៃ​ពាណិ​ជ្ជកម្ម​ពិភព​លោក” ហើយ​ចិននឹងធ្វើ​កិច្ច​សហប្រតិបត្តិការ​ឈ្នះ-ឈ្នះជាមួយ​ដៃគូពាណិជ្ជកម្ម ។

ពាណិជ្ជកម្ម​ជាមួយ​បរទេស​​ជាស្តង់ដារ​​សម្រាប់​វាយ​តម្លៃ​ពី​ភាព​រស់​រវើក​នៃ​សេដ្ឋកិច្ច ។ ​ឆ្លង​តាម​រយៈសមិទ្ធ​ផល​ពាណិជ្ជកម្ម​ជាមួយបរទេស​របស់ចិន​ក្នុងរយៈពេល ​៧ ខែដើម​ឆ្នាំ​នេះ​ ពិភពលោកបាន​មើលឃើញ​កាន់តែច្បាស់ថា និន្នាការ​នៃ​សេដ្ឋកិច្ច​ចិន​​ដែល​មាន​កម្លាំងចលករឆ្ពោះទៅរក​ភាពថ្មី មាន​រចនាសម្ព័ន្ធ​ឆ្ពោះទៅរក​ភាពល្អប្រសើរ និង​មានភាព​ល្អ​ប្រ​សើរក្នុង​​រយៈពេលយូរគឺ​មិនកែ​ប្រែ​ទេ ។ ​តាមការស្ទង់មតិ​នៃ​ស្ថាប័ន​ស្ទង់មតិ​អន្តរជាតិ​ជា​ច្រើន​ឱ្យដឹងថា ​ប្រជាជន​អន្តរជាតិ ​កាន់តែច្រើន​ឡើងៗ​មានចំណាប់អារម្មណ៍​ល្អ​និង​ការ​ទទួល​ស្គាល់​កាន់តែខ្លាំង​ចំពោះចិន ។ ​នៅឆមាសទីមួយ​ឆ្នាំនេះ សហគ្រាស​ទុន​វិនិយោគ​បរ​ទេស​ជិត ៤៨០០ បានបង្កើន​ការវិនិយោគ​បន្ថែមនៅ​​ប្រទេសចិន ដោយបានផ្តល់​ការ​គាំទ្រ​ដល់​សេដ្ឋកិច្ចចិន​តាមរយៈ​សកម្មភាព​ជាក់ស្តែង ។ “ឱកាស​ចិន ២.០” កំពុង​បញ្ចេញ​ភាគ​លាភ​ជាបន្តបន្ទាប់ ដែល​ធ្វើជា​សាក្សី​ថា “ការធ្វើដំណើរ​រួមជាមួយ​ប្រទេសចិន​ គឺហាក់ដូចជា​ការ​ធ្វើ​ដំណើរស្របជាមួយ​កាលានុវត្តភាព” ៕

To Top